(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈ Video Conference ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំ ផ្តោតការពិភាក្សាលើការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ បូក ២ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ប្រចាំឆមាសទី ១ ឆ្នាំ ២០២១ ។
ជាលទ្ធផល, ក្នុងត្រីមាសទី ១ និងទី ២ ឆ្នាំ ២០២១, ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ទី ៣ បូក ២ សម្រេចបានដូចខាងក្រោម៖
* «ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា», គិតត្រឹមត្រីមាសទី២, ការអនុវត្តចំណូលរក្សាបានក្នុងស្ថានភាពល្អ និងអាចទុកចិត្តបាន ដែលការអនុវត្តចំណូលស្ថិតក្នុងរង្វង់ +/-៥% ធៀបនឹងច្បាប់ តាមរយៈការបន្តពង្រឹងប្រសិទ្ធការគ្រប់គ្រង និងការអនុវត្តផែនការប្រមូលចំណូល ពិសេស ការខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាព ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូល។ រីឯការអនុវត្តចំណាយ យឹតជាងផែនការបន្តិចក្ដី តែស្ថិតក្នុងស្ថានភាព ដែលអាចសម្រេចបានតាមគោលដៅក្នុងឆ្នាំ។
ទន្ទឹមនេះ, ដំណើរការនៃការអនុវត្តថវិកាចាប់ផ្ដើមកែលម្អ តាមរយៈការសិក្សា និងដាក់ចេញផែនការសកម្មភាព សម្រាប់ដោះស្រាយចំណាយកកស្ទះ, ពង្រីកការទូទាត់ចំណាយថវិកាជាតិតាម E-Transfer, ការរៀបចំគោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណៈតាមក្រសួង ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ កែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈជាដើម។
* «ការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ», ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានពង្រឹង និងពង្រីកការអនុវត្ត តាមរយៈការបន្តដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមក្រសួង ស្ថាប័ន, ការពង្រីកមុខងារបន្ថែមថ្មីក្នុងប្រព័ន្ធ FMIS ពិសេស ការពង្រីកការអនុវត្តគម្រោង FMIS ដល់រដ្ឋបាលរាជធានី ខេត្តទាំង ២៥ ។ កម្រិតអនុលោមភាពនៃរបាយការណ៍ IPSAS Cash Basis ត្រូវបានកែលម្អ ។ ទន្ទឹមនេះ, លិខិតបទដ្ឋានសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ បាននឹងកំពុងបន្តរៀបចំជាបន្តបន្ទាប់ ។
* «ការពង្រឹងប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ», ក្របខណ្ឌថវិការយៈពេលមធ្យម ឆ្នាំ២០២២ ដោយមានពិតានតាមវិស័យតាម ក្រសួង ស្ថាប័ន, ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២២ ត្រូវបានរៀបចំសម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ។ រីឯ ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ ២០២៣-២០២៥ គ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅឆ្នាំ ២០២២ ។ ឯកសារទាំងអស់នេះនឹងបង្កលក្ខណៈងាយស្រួលដល់ក្រសួង ស្ថាប័នក្នុងការរៀបចំថវិកា ដោយមានការកំណត់តាមក្រសួង ស្ថាប័ន តាមវិស័យ, ការធ្វើសមាហរណកម្មថវិកាចរន្ត និងវិនិយោគ ។ ជាមួយគ្នានេះ, ការគ្រប់គ្រងគម្រោងវិនិយោគបាននឹងកំពុង កែលម្អតាមរយៈការរៀបចំយន្តការ និងលិខិតគតិយុត្តនានាដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រ ។
* «ការបញ្ចប់ការត្រៀមខ្លួនឆ្ពោះ ទៅគណនេយ្យភាពសមិទ្ធកម្ម», ការរៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិ យុត្តសម្រាប់ការអនុវត្តប្រព័ន្ធថវិកា ព័ត៌មានសមិទ្ធកម្មជាការចាំបាច់ ដែលត្រូវបញ្ចប់សម្រាប់ដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២២ ក្នុងនោះរួមមាន៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី), អនុក្រឹត្យលេខ ៨១ និង ៨២ និងក្របខណ្ឌថវិកាព័ត៌មានសមិទ្ធកម្ម ។ ជាមួយគ្នា, ប្រព័ន្ធតាមដាន និងត្រួតពិនិត្យសមិទ្ធកម្មត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ។
* «ការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយចីរភាព និងភាពប្រទាក់ក្រឡាគ្នានៃការកែទម្រង់ផ្សេងទៀត», ស្ថិតក្នុងបរិការណ៍កូវីត-១៩ ការអនុវត្តការបណ្ដុះបណ្ដាល និងសិក្ខាសាលាផ្សព្វផ្សាយ អាចអនុវត្តបានដោយផ្នែក ដោយត្រូវធ្វើតាមប្រព័ន្ធអនឡាញ រីឯវគ្គបណ្ដុះបណ្ដាលដែលតម្រូវឱ្យចុះអនុវត្តផ្ទាល់ ត្រូវបានពន្យារពេល ប៉ុន្តែមិនរងផលប៉ះពាល់ដល់ចលនការនៃការកែទម្រង់ទេ ។ ជាមួយគ្នានេះ, ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាពត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងដែលគ្រោងពង្រីកដល់ក្រសួង ស្ថាប័ននៅឆ្នាំ២០២២ ។ គោលការណ៍ណែនាំការគ្រប់គ្រងផ្អែកលើលទ្ធផល ដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី ៣ នឹងចូលរួមក្នុងការរៀបចំផែនការសកម្មភាព និងសូចនករសមិទ្ធកម្មគន្លឹះ ឱ្យកាន់តែមានភាពច្បាស់លាស់ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កន្លងមករហូតសម្រេចបានសមិទ្ធផលនេះ ទោះបីកម្ពុជាកំពុងស្ថិតក្នុងវបត្តិកូវីដ-១៩ ក៏ដោយ និងបានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៣ បូក ២ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក៕