(ឡុងដ៍)៖ ចំពោះមុខមេដឹកនាំនៃក្រុមប្រទេស G7 និងការព្រមានទុកជាមុនដោយក្រុមតាលីបង់ លោក ចូ បៃដិន នៅថ្ងៃអង្ការ ទី២៤ ខែសីហា ឆ្នាំ២០២១នេះត្រូវបានគេមើលឃើញថា កំពុងទទួលរងសម្ពាធខ្លាំងរួចជាស្រេចទៅហើយ មុននឹងចូលរួមកិច្ចប្រជុំ និងធ្វើការសម្រេចចិត្តមួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
កិច្ចប្រជុំកំពូលបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន G7 នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារនេះ (ម៉ោងនៅអឺរ៉ុប) ដោយមានការចូលរួមពីមេដឹកនាំ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា និងជប៉ុន។ ប្រធានបទដែលអាចនឹងត្រូវលើកឡើង ចាំបាច់ជាងគេបំផុតនៅក្នុងកិច្ចប្រជុំលើកនេះ គឺបញ្ហានៅអាហ្វហ្គានីស្ថាន។
បណ្តាប្រទេសលោកខាងលិច ត្រូវបានគេមើលឃើញថា កំពុងតែស្វះស្វែងជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រេចចិត្តភ្លាមៗអំពីការអូសបន្លាយពេលបន្ថែម ឲ្យលើសពីកាលកំណត់ថ្ងៃទី៣១ ខែសីហា ដើម្បីជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន ខណៈជាងមួយសប្តាហ៍មកនេះ ចំនួនមនុស្សនៅតែកកកុញ ក្នុងព្រលានយន្តហោះទីក្រុងកាប៊ុល រង់ចាំការជម្លៀសចេញនៅឡើយ។
គួរបញ្ជាក់ថា ទោះបីជាក្រុមតាលីបង់បានព្រមានទុកមុន អំពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើសហរដ្ឋអាមេរិក ធ្វើការពន្យារពេលតាមការទាមទាររបស់សម្ព័ន្ធមិត្តក៏ពិតមែន តែមន្ត្រីសេតវិមានអាមេរិកនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានបង្ហើបឲ្យដឹងថា អាមេរិកកំពុងចរចាជាមួយតាលីបង់ហើយ។
យោងតាមព័ត៌មាន Al Jazeera គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ មនុស្សជាង ២៨,០០០នាក់ហើយ ត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន ដោយក្នុងនោះភាគច្រើនបំផុតជាពលរដ្ឋអាមេរិក និងអ្នកមានសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ហើយបន្ទាប់មកទៀតគឺអង់គ្លេស, អាល្លឺម៉ង់, ប៉ាគីស្ថាន និងអ៊ីតាលីជាដើម។ ទោះជាយ៉ាងណា បើមើលទៅលើស្ថានភាពកកកុញជាក់ស្តែង នៅព្រលានយន្តហោះទីក្រុងកាប៊ុល ធៀបនឹងកាលបរិច្ឆេទកំណត់ថ្ងៃទី៣១ ខែសីហានោះ ក្រុមអ្នកជំនាញបានព្រមានថា មិនអាចគ្រប់គ្រាន់សម្រាប់ការ ជម្លៀសមនុស្សឲ្យអស់នោះឡើយ៕