(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនរដ្ឋបាលស្រុក-ក្រុង ទាំង១៤ នៅក្នុងខេត្តបាត់ដំបង។
សម្ភារដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានផ្ដល់ជូននាឱកាសនោះ ក្នុងមួយស្រុកទទួលបាន៖ កុំព្យូទ័រយូរដៃ ចំនួន០៦គ្រឿង, ម៉ាស៊ីនព្រីនធ័រ ចំនួន០៦គ្រឿង, វិទ្យុទាក់ទង ចំនួន១៥គ្រឿង, ម៉ាស៊ីនភ្លើង ចំនួន០១គ្រឿង និងថវិកាចំនួន១លានរៀល។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្ដ្រីរាជការរដ្ឋបាលក្រុង-ស្រុកទាំង១៤ នៃខេត្តបាត់ដំបងផងដែរ។
ជាមួយគ្នានេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងអភិបាលស្រុក ក្រុង ទូទាំងខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែ គិតគូដល់ទុក្ខលំបាករបស់មន្ទីរាជការ គ្រប់ថ្នាក់ ពិសេសនៅពេលនេះឲ្យ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ចុះមកទិញផ្ទាល់ដល់ចម្ការមៀន (តាង៉ែន) របស់ប្រជាកសិករដែលកំពុងតែជួបការលំបាក ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារស្ថានភាពរីករាលដាល នៃជំងឺកូវីដ១៩។
ប្រជាពលរដ្ឋម្ចាស់ចម្ការនៅទូទាំងខេត្តបាត់ដំបង មានទឹកចិត្តត្រេកអរ និងសប្បាយរីករាយ និងគោរពដឹងគុណយ៉ាងជ្រាលបំផុតចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់ឲ្យក្រុមការងារចុះមកទិញផ្លែមៀន (តាង៉ែន) ទាន់ពេលវេលាជួយកាត់បន្ថយការលំបាកដល់ប្រជាកសិករម្ចាស់ចម្ការ ដែលជួបការលំបាកពិតប្រាកដ ដើម្បីឱ្យគាត់មានទុនសម្រាប់ធ្វើនៅឆ្នាំក្រោយទៀត។
ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង សូមគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុសចៅស្រី ជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរបន្តដឹកនាំប្រទេសកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ
និងថែរក្សាបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋខ្មែរជារៀងរហូតតទៅ៕