អាហ្វហ្គានីស្ថាន៖ អ្នកនាំពាក្យតាលីបង់កាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ជាថ្មីថា ក្រុមនេះចង់បានទំនាក់ទំនងល្អជាមួយប្រទេសដទៃទៀត ហើយនឹងមិនអនុញ្ញាតឱ្យអាហ្វហ្គានីស្ថានក្លាយជាមូលដ្ឋាន សម្រាប់ការវាយប្រហារនោះទេ។
ប៉ុន្តែលោកបាននិយាយថា ពួកតាលីបង់នឹងមិនអត់ឱនរាល់ការគំរាមកំហែងណាមួយចំពោះ “ គោលការណ៍” និង “ឯករាជ្យភាព” របស់ខ្លួនឡើយ។ អ្នកនាំពាក្យ Zabihullah Mujahid បាននិយាយថា ប្រសិនបើនរណាម្នាក់ “គំរាមកំហែងដល់ឯករាជ្យភាពរបស់ប្រទេសយើង ឬវាយប្រហារយើង យើងនឹងមានប្រតិកម្មដោយគ្មានការសង្ស័យ”។ នៅក្នុងការជួបជុំគ្នាមួយនៅរដ្ឋធានីកាប៊ុល ដើម្បីអបអរសាទរទិវាឯករាជ្យអាហ្វហ្គានីស្ថាន លោក Mujahid បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយអាហ្វហ្គានីស្ថាន បង្កើតទំនាក់ទំនងការបរទេសល្អ និងពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន។
លោកបានបន្ថែមថា យើងចង់បានទំនាក់ទំនងល្អ យើងចង់បានសេដ្ឋកិច្ចល្អ យើងចង់បានពាណិជ្ជកម្មល្អ យើងចង់បានការទូតល្អ ប៉ុន្តែជាការតបមកវិញ យើងចង់ឱ្យតម្លៃរបស់យើងត្រូវបានគេគោរព។ ការអំពាវនាវនេះកើតមាន បន្ទាប់ពីក្រុមតាលីបង់ដណ្តើមបានទីក្រុង និងខេត្តដទៃទៀតនៅទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលសហរដ្ឋអាមេរិកដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសនេះ៕