ប្រដាល់៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញសេចក្ដីណែនាំ ដល់គណៈកម្មការផ្គូផ្គងដើម្បីពង្រឹងតួនាទី និងការសហការជាមួយស្ថានីយទូរទស្សន៍ ក្នុងការរៀបចំការផ្គូផ្គងគូប្រកួតដល់កីឡាករ-កីឡាការិនីដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យកីឡាប្រដាល់គុនខ្មែរឲ្យមានកម្រតិខ្ពស់។
ការចេញសេចក្ដីណែនាំនេះ បន្ទាប់ពីសហព័ន្ធបានពិនិត្យឃើញការងារផ្គូផ្គងកន្លងមក មានភាពខ្វះខាត និងមានភាពអសកកម្មខ្លះៗ ចំពោះកីឡាករ-កីឡាការិនីក្នុងការប្រកួតមិនឈរទឹក មិនសូវមានវិន័យ ខ្វះភាពរឹងមាំ ខ្វះកម្លាំងកាយ ខ្វះកម្លាំងអំណត់ មិនមានភាពរឹងមាំខាងផ្នែកបច្ចេកទេស។ ហើយពេលខ្លះ ការផ្គូផ្គងរួចហើយមានការដោះដូរឡើងវិញជាញឹកញាប់ និងមិនសមហេតុផលដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកួត។ ដូច្នេះសហព័ន្ធបានដាក់ចេញនូវសេចក្ដីណែនាំ ៨ចំណុចដើម្បីជំរុញការងារនេះឲ្យបានល្អប្រសើរ និងជៀសផុតពីចំណុចប្រឈមផ្សេងៗរួមមាន៖
ទី១-គណៈកម្មការផ្គូផ្គង ត្រូវធ្វើការទំនាក់ទំនងសហការផ្ទាល់ជាមួយបណ្ដាលសមាគម ក្លិប ឬគ្រូបង្វឹកដែលជាតំណាងសហការទំនាក់ទំនង ការផ្គូផ្គងការប្រកួតសម្រាប់កីឡាតាមរូបភាព ឬវិធីសាស្ត្រផ្សេងៗ និងពេលវេលាកំណត់ ទាំងពេលវេលាផ្គូផ្គង និងគូប្រកួតរបស់កីឡាករ-កីឡាការិនីតាមការកំណត់ របស់គណៈកម្មការផ្គូផ្គងប្រចាំស្ថានីយទូរទស្សន៍នីមួយៗ ការងារផ្គូផ្គងគូប្រកួតនេះ មិនអនុញ្ញាតឲ្យធ្វើការផ្គូផ្គងដោយផ្ទាល់ជាមួយកីឡាករ-កីឡាការិនីជាដាច់ខាត។
ទី២-បណ្ដាសមាគម ក្លិប ឬគ្រូបង្វឹកដែលជាតំណាងត្រូវពិនិត្យ និងធ្វើការជ្រើសរើសនូវសមាសភាពកីឡាករ-កីឡាការិនីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ត្រូវមានកម្លាំងកាយ កម្លាំងអំណត់ និងមានភាពរឹងមាំខាងបច្ចេកទេស មានវិន័យ មានការហាត់ហ្វឹកហ្វឺនត្រឹមត្រូវតាមកម្មវិធីច្បាស់លាស់។
ទី៣-គណៈកម្មការផ្គូផ្គង ត្រូវយកអស់ពីស្មារតី កម្លាំងកាយចិត្តទទួលខុសត្រូវការងារផ្គូផ្គង ត្រូវស្ដាប់ប្រវត្តិរបស់កីឡាករ-កីឡាការិនីនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីការងារផ្គូផ្គងធានាបាននូវកម្រិតបច្ចេកទេស និងសមត្ថភាពក្នុងការប្រកួតឲ្យមានកម្រិតប្រហាក់ប្រហែលគ្នា ធានាដល់គុណផល និងស្មារតីកីឡាក្នុងពេលប្រកួត។
ទី៤-គណៈកម្មការផ្គូផ្គង ត្រូវមានស្មារតីទទួលខុសត្រូវ មានទស្សនៈគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍសមាគម ក្លិប និងធនធានកីឡាករ-កីឡាការិនីក្នុងការផ្គូផ្គងត្រូវមានសមត្ថភាព មានតម្លាភាព ចែករំលែកដល់គ្រប់សមាគម ក្លិប គ្រប់បណ្ដាលលរាជធានី-ខេត្ត។ ត្រូវមានទស្សនៈវិស័យពង្រឹងអភិវឌ្ឍន៍ធនធានកីឡាករគ្រប់កម្រិត។
ទី៥-គណៈកម្មការផ្គូផ្គង បន្ទាប់ពីការផ្គូផ្គងដែលបានឯកភាពគ្នារវាងសមាគម ក្លិប ឬគ្រូបង្វឹកដែលជាតំណាងនោះត្រូវមានកំណត់ត្រា កិច្ចសន្យា និងការផ្ដល់ព័ត៌មានច្បាស់លាស់ ឈ្មោះកីឡាករ-កីឡាការិនី ថ្ងៃខែឆ្នាំ ប្រកួត និងទីកន្លែងដែលត្រូវប្រកួត។
ទី៦-ចំពោះសមាគម ក្លិប ឬគ្រូបង្វឹកដែលជាតំណាង ដែលបានឯកភាពគ្នាព្រមព្រៀងគ្នាក្នុងការបញ្ជូនឈ្មោះកីឡាករ-កីឡាការិនីចូលរួមការប្រកួត ដែលបានកំណត់ឈ្មោះកីឡាករ-កីឡាការិនីពេលវេលា និងទីកន្លែងប្រកួតហើយនោះ ត្រូវគ្រប់គ្រង និងហាត់ហ្វឹកហ្វឺនដល់កីឡាករ-កីឡាការិនីទាំងនោះឲ្យបានល្អ ដើម្បីចូលរួមប្រកួតជាដាច់ខាត។
ទី៧-គណៈកម្មការផ្គូផ្គង ត្រូវធ្វើកំណត់ត្រា កំណត់តម្លៃខ្លួនកីឡាករ-កីឡាការិនីឲ្យបានត្រឹមត្រូវដែលបានឯកភាពគ្នារវាងគណៈកម្មការផ្គូផ្គង និងស្ថានីយទូរទស្សន៍ជាដៃគូអភិវឌ្ឍន៍ទាំងអស់ ។ ការកំណត់តម្លៃខ្លួនកីឡាករ-កីឡាការិនីក្នុងការប្រកួត ត្រូវផ្អែកតាមកម្រិតសមត្ថភាព បច្ចេកទេស និងគុណផលរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ដែលសហព័ន្ធបានកំណត់ ៣កម្រិតគឺមានកម្រិតធម្មតា កម្រិតជើងឯករង និងកម្រិតខ្ពស់។
ទី៨-គណៈកម្មការផ្គូផ្គង គ្រប់ស្ថានីយទូរទស្សន៍បន្ទាប់ពីការផ្គូផ្គងបានរួចរាល់ចប់សព្វគ្រប់ ត្រូវបញ្ជូនឯកសារមកតម្កល់ទុកនៅលេខាធិការដ្ឋានអចិន្ត្រៃយ៍របស់សហព័ន្ធ ដើម្បីផ្សព្វផ្សាយ និងគ្រប់គ្រងជាផ្លូវការ៕