អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានបានរត់ភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ខណៈក្រុមតាលីបង់ និងក្រុមយុទ្ធជនរបស់ខ្លួននៅរដ្ឋធានីកាប៊ុលឈានដល់ការដណ្ដើមអំណាចនយោបាយ។
២០ឆ្នាំបន្ទាប់ពីបានផ្តួលរំលំរបបសកម្មប្រយុទ្ធ អាមេរិកដែលបានប្រញាប់ប្រញាល់ចាកចេញពីប្រទេស បន្ទាប់ពីការបាត់បង់ជីវិតជនជាតិអាមេរិករាប់ពាន់នាក់ និងប្រាក់រាប់ពាន់លានដុល្លារ បានបរាជ័យក្នុងការនាំមកនូវលទ្ធិប្រជាធិបតេយ្យយូរអង្វែង។ ការចាកចេញរបស់ប្រធានាធិបតី Ashraf Ghani និងការជម្លៀសបុគ្គលិកទាំងអស់ចេញពីស្ថានទូតអាមេរិកភ្លាមៗ បន្ទាប់ពីការវាយលុករបស់ពួកតាលីបង់យ៉ាងឆាប់រហ័សនៅទូទាំងប្រទេស ដែលនាំមកនូវការបញ្ចប់ដ៏អាម៉ាស់ចំពោះវត្តមានយោធាអាមេរិក បន្ទាប់ពីពីរទសវត្សរ៍មកនេះ។ ក្រោយមកវីដេអូដែលផ្សាយដោយសារព័ត៌មាន Al Jazeera បានបង្ហាញពីរូបភាពយុទ្ធជនតាលីបង់ប្រដាប់ដោយអាវុធ នៅខាងក្នុងវិមានប្រធានាធិបតីកំពុងអង្គុយលើកៅអី កាន់កាំភ្លើងដើរជុំវិញ និងថតរូបឲ្យគ្នាទៅវិញទៅមក។
លោក Abdullah Abdullah ប្រធានក្រុមប្រឹក្សាជាតិផ្សះផ្សាជាតិអាហ្វហ្គានីស្ថាន បានបញ្ជាក់ពីរបាយការណ៍ដែលថា លោក Ghani បានចាកចេញពីអាហ្វហ្គានីស្ថាន។ ក្រុមការងាររបស់លោក Ghani បានបញ្ជាក់ពីការចាកចេញរបស់លោកទៅកាន់ស្ថានីយទូរទស្សន៍ CNBC។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់លោក លោក Ghani ដែលបាននិយាយថា លោកចាកចេញពីអាហ្វហ្គានីស្ថានដើម្បីចៀសវាងការបង្ហូរឈាម មិនបានបញ្ជាក់ពីទីតាំង ឬទិសដៅរបស់លោកទេ៕