ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅយប់ថ្ងៃទី១០ ខែសីហានេះថា លេខរៀងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទី៨លាន គឺបានទៅលើស្រ្តីម្នាក់ ដែលមានឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំជនជាតិខ្មែរ-ឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយសម្តេចសូមអបអរសាទរចំពោះជយលាភីទី៨លាន ដែលបានចាក់វ៉ាក់សាំង Johnson&Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិកនោះ។
ដូចមនុស្សមុនៗយ៉ាងដូច្នេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចំពោះកិច្ច នៃការចាក់វ៉ាក់សំាងកូវីដ-១៩ ទូទំាងប្រទេសនឹងនាំយកជំនួយថវិកា ១០លានរៀល ព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនៅថ្ងៃ១០ សីហា ២០២១នេះថា កម្ពុជាយើង បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១បាន៨លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពលរដ្ឋ ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង ដោយមិនទាន់គិតពីកុមារ និងយុវវ័យ ដែលបាននិងកំពុងចាក់ព្រមទាំងបងប្អូនដែលបាននិងកំពុងចាក់ដូសទី៣។
សម្តេច បានបញ្ជាក់ទៀតថា ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយពីយើងនោះទេ ដែលធ្វើឲ្យយើងសម្រេចការងារមុនការកំណត់ ៧ទៅ ៨ខែប្រៀបជាមួយផែនការដើមរបស់យើង។
ខណៈនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានបន្តជូនពរបងប្អូនជនរួមជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ ដោយខិតខំការពារខ្លួនតាមរយៈវិធានការ(៣ការពារនិង៣កុំ)៕