ភ្នំពេញ ៖ កាអនុវត្តវិធានការច្បាប់ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលទូទាំងប្រទេស នៅថ្ងៃទី៩ខែសីហា ឆ្នាំ២០២១យប់មិញនេះ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្សចំនួន ១,៥៨២នាក់ និងយានយន្តចំនួន ៥៥៦គ្រឿង ពិន័យជាប្រាក់ចំនួន ២២,២០០,០០០រៀល ក្នុងហេតុការណ៍៧៤៧ករណីនោះ។
យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(គ.អ.ក) បានបញ្ជាក់នៅព្រឹកថ្ងៃទី១០ ខែសីហានេះថា កាអនុវត្តវិធានការច្បាប់មានចំនួន ៧៤៧ ករណីដោយក្នុងនោះធ្វើការឃាត់ខ្លួនមនុស្សយកមកអប់រំ និងពិន័យចំនួន ១,៥៨២នាក់បានធ្វើការឃាត់យានយន្តចំនួន ៥៥៦គ្រឿង បានធ្វើការពិន័យជាប្រាក់ចំនួន ២២,២០០,០០០រៀល។
សូមបញ្ជាក់ថា ចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដារហូតមកដល់ថ្ងៃទី១០ ខែសីហានេះអាជ្ញាធររាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលនៅជាប់ព្រំដែនប្រទេសថៃ បានធ្វើការបិទបម្រាមគោចរអស់រយៈពេល១១ថ្ងៃមកហើយ ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដបំប្លែងថ្មី deltaនេះ ដែលបានកំពុងតែបន្តឆ្លងចូលសហគមន៍ជាបន្តបន្ទាប់។
ការរឹតបន្តឹងនេះ ប្រសិនបើបុគ្គលដែលល្មើសនឹងបម្រាមគោលចរ ហើយមានការជួបជុំគ្នា ឮសេពគ្រឿងស្រវឹង សមត្ថកិច្ចនឹងចាប់វាយខ្នោះអនុវត្តទៅតាមផ្លូវច្បាប់ ដោយមិនមែនការអប់រំណែនាំ ឬលើកលែងអ្វីទៀតឡើយ។
សូមរំលឹកផងដែរថា ចាប់ពីចុងខែមីនា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ប្រភេទdeltaកើនដល់ចំនួន៣៨៥នាក់ហើយ ដោយភាគច្រើនកើតចេញពីបងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃវិញ ឆ្លងចេញពីអ្នកដំណើរតាមយន្តហោះ បុគ្គលិកសុខាភិបាល និងតាមសហគមន៍ជាដើម៕