ប៉េកាំង)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinopharm បានអះអាងថា វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ ដោយអាចបង្កើតអង់ទីករដ៏រឹងមាំ ប្រឆាំងវីរុសបំប្លែងថ្មី Delta។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Global Times នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។
ក្រុមអ្នកស្រាវជ្រាវចិនដឹកនាំដោយលោក យ៉ាង ហ្សាវមីង (Yang Xiaoming) ប្រធានក្រុមហ៊ុនជាតិ ស៊ីណូហ្វាម បាយអូធិច (Sinopharm China National Biotec Group) ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ ក្រុមហ៊ុន Sinopharm បានរកឃើញថា វ៉ាក់សាំងរបស់ខ្លួនគឺ Sinopharm អាចបង្កើតអង្គបដិបក្ខ ឬអង់ទីករ ម៉ូណូក្លូណាល់ (monoclonal antibody) ដែលអាចរារាំងការតភ្ជាប់របស់វីរុសកូរ៉ូណា ទៅកាន់អង់ហ្ស៊ីមម្យ៉ាងដែលគេស្គាល់ថា ACE 2 (Angiotensin-converting enzyme 2)។
អង់ហ្ស៊ីម ACE 2 នេះត្រូវបានភ្ជាប់ទៅនឹងកោសិកាជាច្រើន ដែលមានទីតាំងនៅក្នុង ពោះវៀន, តម្រងនោម, ពងស្វាស, ថង់ប្រមាត់ និងបេះដូង ហើយអង្គបដិបក្ខម៉ូណូកូណាល់ monoclonal អាចទប់ទល់វីរុស COVID-19 បំប្លែងថ្មី Delta មិនឲ្យឆ្លងចូលដល់កោសិកាទាំងនេះ ព្រមទាំងអាចកាត់បន្ថយការលាកសួត បង្កឡើងវីរុសបំប្លែងថ្មីនេះផងដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្នវីរុសបំប្លែងថ្មី Delta បាននិងកំពុងរ៉ាប់រងករណីឆ្លង COVID-19 ថ្មីៗនៅជុំវិញពិភពលោក ក៏ដូចជាបានបង្ខំឱ្យបណ្ដាប្រទេសជាច្រើន សូម្បីតែសហរដ្ឋអាមេរិក ត្រូវបង្ខំចិត្តដាក់ចេញវិធានការរឹតត្បិតជាថ្មីឡើងវិញ។ ដោយឡែកប្រទេសចិន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក៏បានរកឃើញករណីឆ្លង COVID-19 បំប្លែងថ្មី Delta នេះផងដែរ ដែលវាបានជំរុញឲ្យអាជ្ញាធរចិន កំណត់ការធ្វើតេស្តទ្រង់ទ្រាយធំនៅទីក្រុង ណានជីង ម៉ាកាវ និង វូហាន ក្រោយករណីឆ្លងថ្មីៗជាបន្តបន្ទាប់ បានផ្ទុះឡើងនៅតំបន់ទាំងនោះ៕