ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងទូទាំងប្រទេស ឱ្យបញ្ជូនវ៉ាក់សាំង AstraZeneca ទៅផ្ដល់ជូនក្រុមមន្ត្រីសុខាភិបាលជួរមុខ ដែលកំពុងឈរជើងនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាបែបនៅក្នុងសារជាសំឡេងដែលត្រូវបានចែករំលែកតាមប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាមនៅល្ងាចថ្ងៃនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្ដេចបានសម្រេចបែបនេះ បន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន បានសម្រុកឆ្លងដែនវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកំណើតវិញ។
ជាមួយស្ថានភាពបែបនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យលោកជំទាវ ឱ វណ្ណឌីន បញ្ជូនវ៉ាក់សាំង AstraZeneca ដែលកម្ពុជាទើបទទួលបានពីចក្រភពអង់គ្លេស ដើម្បីចាក់ជាដូសទី៣ ឬជាដូសជំរុញសម្រាប់បុគ្គលិកសុខាភិបាលជួរមុខដែលឈរជើងនៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ដំណើរការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣នេះ នឹងត្រូវចាប់ផ្ដើមនៅចុងសប្ដាហ៍នេះហើយ ដើម្បីពន្លឿនការផ្ដល់ភាពស៊ាំដល់ក្រុមមន្ត្រីជួរមុខ៕