ភ្នំពេញ ៖ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ចេញរថយន្តជាច្រើនគ្រឿងដើម្បីឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីដឹកបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ស្របទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងប្រាប់ទូរទស្សន៍BTVថា រថយន្តដែលបានបញ្ចេញនៅថ្ងៃទី៧ ខែសីហានេះ គឺមានចំនួន១៥គ្រឿង ឆ្ពោះទៅកាន់ច្រកដូង ខេត្តបាត់ដំបង និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដើម្បីទៅទទួលបងប្អូនពលករខ្មែរយើងមកពីប្រទេសថៃវិញ ហើយនឹងធ្វើការដឹកពួកគាត់មកតាមបណ្តារាជធានី-ខេត្តដែលជាស្រុកកំណើតរបស់ពួកគាត់នោះ។
លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ខាងកងពលតូចដឹកជញ្ជូនលេខ៩៩បានបញ្ជេញរថយន្តជិត៨០គ្រឿងហើយទៅតាមបណ្តាខេត្តនានានៅជាប់ព្រំដែនប្រទេសថៃ ដើម្បីត្រៀមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលក្នុងកិច្ចការចាំបាច់អ្វីមួយនោះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញបានបញ្ជាឲ្យកងទ័ពបញ្ចេញរថយន្តចំនួន២០០គ្រឿង ជាបន្ទាន់ទៅដឹកបងប្អូនពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ នឹងព្រំដែនថៃ មកបន្តធ្វើចត្តាឡីស័កនៅតាមខេត្តខាងក្នុងវិញ ដោយទុកមណ្ឌលធ្វើចត្តាឡីស័កនៅខេត្តជាប់នឹងព្រំដែននោះឲ្យបងប្អូនពលករយើងមកជាបន្តបន្ទាប់ទៀតនោះ៕