ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ទោះបីកូវីដ-១៩ ក៏ដោយក៏ក្រុមឧក្រិដ្ឋជន ឆក់យកឱកាសនេះ ដើម្បីលួចផលិតនិងនាំចូលសារធាតុញៀន ដូច្នេះកម្លាំងសមត្ថកិច្ចទាំងអស់បន្ដបង្ក្រាបន្ថែមទៀត។
ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត ចំនួន២៣ នាថ្ងៃទី៦ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង បានកោតសរសើរថា កន្លងមកនេះ ទោះបីប្រឈមបញ្ហាជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ការបង្រ្កាបបទល្មើសទទួលបាន លទ្ធផលល្អ យ៉ាងប្រសើរ រហូតដល់៨០ភាគរយទៅ៩០ភាគរយនៃបទល្មើសសរុបដែលបានកើតឡើង ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា«បទល្មើសគ្រឿងញៀន ក៏មានថយចុះបន្ដិចមែន ក៏ប៉ុន្ដែគឺចាត់ទុកថា ជាជោគជ័យមួយយ៉ាងធំផងដែរ ក្នុងពេលកូវីដ-១៩នេះ។ ព្រោះថា ពួកនេះ ទោះបីកូវីដ-១៩ ក៏ដោយក៏ឆក់យកឱកាសពេលហ្នឹង ដើម្បីលួចផលិត ហើយនាំចូលនូវសារ ធាតុញៀន ដូចជាអាភៀនពីបណ្ដាប្រទេសនៅជុំវិញយើង ពិសេសពីតំបន់ត្រីកោនមាស» ។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ចាប់តាំងពីបើក យុទ្ធនាការបង្រ្កាបគ្រឿងញៀនមក រហូតដល់ពេលនេះ ការបង្ក្រាបបានបទល្មើសគ្រឿងញៀន ច្រើនរបស់កម្លាំងសមត្ថកិច្ចបញ្ជាក់ឲ្យឃើញពីទឹកចិត្តដ៏មោះមុត ពោលគឺឆន្ទៈមោះមុតចំពោះការ ប្ដេជ្ញាចិត្ត ដ៏ខ្លាំងក្លារបស់កម្លាំងសមត្ថកិច្ចក្នុងពេលប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ។សម្ដេចក៏បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញបេសកម្មរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យកិច្ចការងារនេះទទួលបានលទ្ធផលល្អ។
ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏ផ្ដាំផ្ញើថា មេឃុំ ស្មៀនឃុំ មេប៉ុសិ៍ និងមេភូមិ ត្រូវរៀនវគ្គបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព ជៀសវាងជួបបញ្ហាអ្វីមួយ។
សម្ដេចក្រឡាហោម បញ្ជាក់ថា «ចឹងអ្នកទាំងអស់ហ្នឹង ត្រូវបណ្ដុះបណ្ដាល ហើយនិយាយជារួម ប៉ូលិសទាំងអស់ មកដល់ពេលនេះ គឺគ្មានប៉ូលិសណាមួយ ដែលបានចូលក្របខណ្ឌជាប៉ូលិសហើយ អត់បានរៀនសូត្រឱ្យទៅធ្វើការទេ គឺអត់មានទេ គឺត្រូវឆ្លងកាត់វគ្គរៀន សូត្រជាមុនសិន យ៉ាងហោចណាស់រៀនរយៈពេល៣ខែ»៕