(ភ្នំពេញ)៖ គណបក្សចំនួន៣ ដែលតុលាការកំពូលកាត់ទោសរំលាយ ត្រូវបានក្រសួងមហាផ្ទៃ ចេញប្រកាសលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ។
គណបក្សចំនួន៣ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយនេះ រួមមាន៖ គណបក្សប្រជាធិបតេយ្យខ្មែរ របស់លោក ហោ ម៉េងហ៊ាង, គណបក្សវង្គត ខេមរៈ មហានគរ របស់លោក ផាន់ ស៊ីណា និងគណបក្សសង្គមប្រជាធិបតេយ្យរបស់ លោក ថោង សុវណ្ណារ៉ា។
គណបក្សទាំង៣នេះ ត្រូវបានតុលាការកំពូលកម្ពុជា កាត់ទោសរំលាយចោល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលអះអាងថា គណបក្សទាំងនេះ មិនអនុវត្តទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ ដោយខកខានធ្វើសកម្មភាព និងរបាយការណ៍មកកាន់ក្រសួងមហាផ្ទៃ អស់រយៈពេលជាច្រើនឆ្នាំ។
ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជា មានគណបក្សប្រមាណជិត៥០ផ្សេងទៀត កំពុងធ្វើសកម្មភាព ដោយក្នុងនោះមានមួយចំនួន បានប្រកាសរួចហើយ ក្នុងការត្រៀមខ្លួនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ខាងមុខ៕