(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រសិនបើមន្ត្រីនគរបាលរូបណា មិនលើកទូរស័ព្ទប្រជាពលរដ្ឋ និងមិនដោះស្រាយជូន សូមទាក់ទងមកលេខទូរស័ព្ទ៖ 012 203 777, ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ០៦៩ ៥១៦ ៩៩៩ ដើម្បីមានចាត់ការភ្លាមៗ។
ការបញ្ជាក់បែបនេះរបស់លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលឧត្តមសេនីយ៍ឯក បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងកិច្ចប្រជុំនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើមន្ត្រីរូបណាមិនលើកទូរស័ព្ទប្រជាពលរដ្ឋសូមទាក់ទងមកលេខ ឯកឧត្តមស្នងការ៖ 012 203 777 ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស៖ 069 516 999»។
លោកឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ត្រូវបម្រើសេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសលោក លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌ លោកអធិការ ខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍ទាំងអស់ ត្រូវតែយកចិត្តទុកដាក់តាមដានព័ត៌មាន ត្រូវតែឆ្លើយតប ដោះស្រាយបញ្ហាប្រឈម និងចាត់វិធានការជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សបំផុត ២៤ លើ២៤ម៉ោង ជាពិសេសត្រូវលើកទូរស័ព្ទរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
នាឱកាសនេះដែរ ស្នងការររងទទួលផែនសេនាធិការ បានអានរបាយការណ៍អំពីលទ្ធផលការងារដែលអនុវត្តបានក្នុងខែកក្កដា បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ ដែលកើតមានក្នុងការអនុវត្តការងារ នាពេលកន្លងមក ជាកិច្ចបន្តក៏មានការចូលរួមមតិរបស់លោកស្នងការរងទទួលផែនធនធានមនុស្ស ទាក់ទងទៅនឹងការគ្រប់គ្រងវត្តមានរបស់មន្ត្រីតាមបណ្តាអង្គភាព ការយកចិត្តទុកដាក់លើការផ្សព្វផ្សាយដល់មន្ត្រីក្នុងការថែរក្សាសុខភាព បង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ មតិចូលរួមរបស់ស្នងការរងទទួលផែនចរាចរណ៍ ទាក់ទងទៅនឹងការអនុវត្តរឹតបន្តឹងចរាចរណ៍ និងមតិចូលរួមរបស់លោកស្នងការរង ទទួលផែនសណ្តាប់ធ្នាប់ ទាក់ទងទៅនឹងការចុះរៀបចំសណ្តាប់ធ្នាប់តាមគោលដៅនានា ជាពិសេសតាមគោលដៅជុំវិញផ្សារ ដើម្បីរៀបចំឱ្យមានសណ្តាប់ល្អ កាត់បន្ថយការកកស្ទះ និងធ្វើឱ្យមានសោភណ្ឌភាពល្អ។
លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំលះបង់បំពេញភារកិច្ចជូនជាតិ ជូនអង្គភាព ជាពិសេសបម្រើប្រជាពលរដ្ឋទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ឡើយ ដូចជាការល្បាតដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ការការពារប្រតិភូជាតិ អន្តរជាតិ ជាពិសេសការអនុវត្តបម្រាមគោចរនៅពេលយប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង៩៖០០នាទីយប់ ដល់ម៉ោង៣៖០០នាទីទៀបភ្លឺ ក៏ដូចជាការខិតខំបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕