(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេបានសម្រេចចិត្តស្ដារឡើងវិញទាំងស្រុងនូវកិច្ចព្រមព្រៀងទស្សនកិច្ចយោធា ឬ Visiting Forces Agreement (VFA) ជាមួយសហរដ្ឋអាមេរិកដែលនេះជាការបោះជំហានថ្មីមួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តចាស់វស្សាទាំង២សារជាថ្មី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានប្រកាសពីការសម្រេចចិត្តរបស់លោក ឌូតើតេ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយនៅថ្ងៃសុក្រនេះ ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលកំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងម៉ានីល។ មន្ត្រីហ្វីលីពីនម្នាក់ក៏បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរថារដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin Jr នឹងប្រគល់ឯកសារមួយច្បាប់ស្ដីពីការសម្រេចចិត្តរបស់លោក ឌូតើតេ ក្នុងការបន្តរក្សាកិច្ចព្រមព្រៀង VFA ឱ្យលោក Austin នៅក្នុងជំនួបដាច់ដោយឡែកមួយនៅថ្ងៃសុក្រនេះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបង្ហាញការសាទរ និងស្វាគមន៍ជាខ្លាំងចំពោះការសម្រេចចិត្តរបស់លោក ឌូតើតេ ដែលលោកយល់ថានឹងជួយ ពង្រឹងទំនាក់ទំនងការពារជាតិរវាងអាមេរិក និងហ្វីលីពីន។
គួររំលឹកថា លោក ឌូតើតេ បានជូនដំណឹងដល់រដ្ឋាភិបាលអាមេរិកកាលពីខែកុម្ភៈ ឆ្នាំ២០២០ថាហ្វីលីពីនមានបំណងលុបចោលកិច្ចព្រមព្រៀងទស្សនកិច្ចយោធា ឬ Visiting Forces Agreement (VFA)។ ប៉ុន្តែ លោក ឌូតើតបានពន្យារពេលលុបចោលកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ ដោយសារតែការកើនឡើងភាពតានតឹង ជាមួយចិន ជុំវិញជម្លោះដែនទឹកនៅឯតំបន់សមុទ្រចិនខាងត្បូង ខណៈមានការសង្ស័យជាច្រើនពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រ ស្និទទៅរកទីក្រុងប៉េកាំងរបស់លោក។
ទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ពឹងផ្អែងស្ទើរទាំងស្រុងលើកិច្ចព្រមព្រៀងទស្សនកិច្ចយោធា។ កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពី ឆ្នាំ១៩៩៨ ដោយផ្តោតជាសំខាន់លើការលក់សព្វាវុធ, ការដោះដូរព័ត៌មានសម្ងាត់, កិច្ចសហប្រតិបតិ្តការយោធា រួមទាំងការអនុញ្ញាតឱ្យយោធាអាមេរិកស្នាក់នៅមិនអចិន្ត្រៃយ៍លើទឹកដីហ្វីលីពីន ដើម្បីដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា៕