ខណ្ឌច្បារអំពៅ ៖ ប្រជាពលរដ្ឋដែលរស់នៅភូមិ ក្បាលជ្រោយ និង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានទទួលលិខិតអញ្ជើញពីរដ្ឋបាលខណ្ឌច្បារអំពៅ ឲ្យមកជួបជុំគ្នានៅមាត់ច្រាំងទន្លេ ដើម្បីដោះស្រាយផលប៉ះពាល់ករណីស្ថាបនាផ្លូវបេតុងមួយខ្សែដែលមានទទឹង ៨ម៉ែត្រ បណ្តោយចាប់ពីភូមិ ក្បាលជ្រោយ ដល់ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ០៨៖៣០ នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។
ជាក់ស្តែងយើងឃើញមានមន្ត្រីភូមិសង្កាត់ និង មន្ត្រីជំនាញរដ្ឋបាលខណ្ឌច្បារអំពៅមួយចំនួនចូលរួម នៅទីតាំងខាងលើ វេលាម៉ោង ០៩៖០០ព្រឹក ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានផ្តល់ព័ត៌មានយ៉ាងខ្លីថាក្រុមការងាររបស់លោកចុះមកគ្រាន់តែយករបាយការណ៍ទៅសាលារាជធានីភ្នំពេញអត់មានអីទេ ។
យោងតាមមតិពីពលរដ្ឋដែលរស់នៅភូមិសង្កាត់ខាងលើ ហាក់មិនចុះសម្រុងនិងគ្នាពីការអភិវឌ្ឍន៍ផ្លូវបេតុងមួយខ្សែ ដោយមតិខ្លះគាត់សប្បាយចិត្តរីករាយក្នុងការស្ថាបនាកសាងផ្លូវបេតុងដើម្បីឲ្យ សោភ័ណ្ឌភាព ផ្លូវស្អាតហើយធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ។
តែមតិខ្លះគាត់ហាក់ដូចជាមិនសប្បាយចិត្តក្នុងការកសាងផ្លូវខាងលើនោះទេ ដោយគាត់បានបង្ហាញអារម្មណ៍ក្នុងចិត្តថា ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ពួកគាត់គឺមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ មិនមានគំនិតអ្វីចង់ទៅរៀរាំងហាមឃាត់ការអភិវឌ្ឍន៍ក្នុងស្រុកភូមិអីទេ
តែសប្បុរសធម៌ខ្លះឆ្លៀតឱកាសគេងចំណេញដោយយកលេសក៍សាងផ្លូវបេតុងជូនពលរដ្ឋធ្វើដំណើរឆ្លងកាត់ដើម្បីបង្ករភាពងាយស្រួល តែផ្ទុយទៅវិញបែជាមានបំណងចង់ចាក់ដីលុបទន្លេសាងសង់ផ្ទះ ឬ ខុនដូ ដើម្បីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នេះអាចនិយាយបានថាបើចង់បានត្រីធំទាល់តែដាក់នុយឲ្យធំដែរទើបបានត្រីសុី។
ប្រជាពលរដ្ឋខាងលើសាទរចំពោះ សប្បុរសធម៌ដែលបានគិតគូខ្វាយខ្វល់ពីសុខទុក្ខនិងមានបំណងចង់ចំណាយថវិការផ្ទាល់ខ្លួនមកអភិវឌ្ឍន៍ផ្លូវបេតុងមួយខ្សែជូនពួកគាត់ ដែលមានទទឹង ០៨ម៉ែត្រ បណ្តោយចាប់ពីភូមិ ក្បាលជ្រោយ ដល់ភូមិ តាព្រហ្ម តែសំឲ្យអជ្ញាធរដែលពាក់ព័ន្ធជួយពិនិត្យ បង្ហាញប្លង់ និង គម្រោងឲ្យបងប្អូនប្រជាពលរដ្ឋបានឃើញដើម្បីជាទំនុកចិត្តថា សប្បុរសធម៌គឺពិតជាជួយ កសាងអភិវឌ្ឍន៍ផ្លូវដោយចេញពីដួងចិត្តពិតៗដោយមិនមានគំណិតអ្វីលាក់លាម។ អត្ថបទ នាយភ្លុក