(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតមួយថ្លែងអំណរគុណចំពោះ លោក ស៊ូហ្គា យ៉ូស៊ីហ៉ីដេ នាយករដ្ឋមន្រ្តីជប៉ុន ចំពោះការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីឌ១៩ ចំនួន១លានដូស ដល់ប្រទេសកម្ពុជា ដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
តាមរយៈសារលិខិតមួយផ្ញើទៅកាន់ លោក ស៊ូហ្គា យ៉ូស៊ីហ៉ីដេ ដែលs ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះ រដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ការផ្ដល់វ៉ាក់សាំង AstraZeneca ផលិតនៅក្នុងប្រទេសជប៉ុន ចំនួន ១លានដូស ជូនដល់កម្ពុជា។ ការបរិច្ចាគដ៏ថ្លៃថ្លានេះបានឆ្លុះបញ្ចាំងដ៏ជ្រាលជ្រៅពីទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ប្រសើររវាងប្រទេសយើងទាំងពីរ និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអនុវត្តកម្មវិធីជាតិផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់កម្ពុជា»។
សារលិខិត សម្តេចតេជោ ហ៊ុន សែន គឺបានឆ្លើយតបចំពោះសារលិខិតមួយរបស់ លោកនាយករដ្ឋមន្រ្តីជប៉ុន ដែលបានផ្ញើជូនសម្តេច ភ្ជាប់ជាមួយនឹងជំនួយវ៉ាក់សាំងជាង៣៣ម៉ឺនដូស ក្នុងចំណោមជំនួយ១លានដូស ដែលត្រូវបានដឹកមកដល់ប្រទេសកម្ពុជា ជើងដំបូង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ។
ក្នុងសារលិខិតនោះ លោកនាយករដ្ឋមន្រ្តី ជប៉ុន បានលើកឡើងថា ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩នេះ ក៏បានជះឥទ្ធិពលដល់ការផ្លាស់ប្ដូររវាងប្រទេស យើងទាំងពីរផងដែរ ប៉ុន្តែគម្រោងកិច្ចសហប្រតិបត្តិការរបស់ជប៉ុននៅកម្ពុជាបាន និងកំពុង បន្តដំណើរការយ៉ាងរឹងមាំ។ «ខ្ញុំក៏កំពុងផ្តោតការយកចិត្តទុកដាក់ ទៅលើការបន្តរដំណើរការ ទៅមុខនូវគម្រោងដ៏សំខាន់ៗមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដូចជា គម្រោងកំពង់ផែក្រុងព្រះសីហនុនិងផ្លូវជាតិលេខ៥ជាដើម»។
ក្រៅពីផ្តល់ជំនួយវ៉ាក់សាំង ជប៉ុនក៏បានជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលកូវីដ-១៩ នេះ តាមរយៈការផ្ដល់ជាហិរញ្ញប្បទានឥតសំណងជាង៥០លានដុល្លារអាមេរិក និងឥណទានសម្បទានប្រមាណ២៣០លានដុល្លារអាមេរិកផងដែរ។
តាមរយៈសារលិខិតរបស់ខ្លួន សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាង ក្រៃលែងដល់ការបន្តជួយគាំទ្ររបស់ជប៉ុនចំពោះកម្ពុជា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ សម្តេចថ្លែងថា៖ «បើទោះជាជំងឺរាតត្បាតសកលកូវីដ-១៩នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គម ការរស់នៅប្រចាំថ្ងៃ និងជីវភាពរបស់យើង និងបានធ្វើឱ្យរាំងស្ទះដល់កិច្ចប្រជុំនានា និងការជួបជុំគ្នាជា លក្ខណៈរូបវន្តរវាងប្រទេសយើងទាំងពីរយ៉ាងណាក្តី ប៉ុន្តែកូវីដ-១៩មិនអាចរាំងស្ទះដល់កិច្ចសហប្រតិបត្តិ ការទ្វេភាគីរបស់យើងឡើយ ដោយសារបច្ចេកវិទ្យាឌីជីថល»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ដោយមានការលេចឡើងនូវប្រភេទវីរុសបំប្លែងថ្មី សកម្មភាពរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ មិនអាចបញ្ចប់ក្នុងពេលឆាប់ៗនោះទេ។ ដូច្នេះ កម្ពុជាពិតជារីករាយណាស់ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលជប៉ុន នៅក្នុងអំឡុងពេល និងក្រោយពេលនៃជំងឺរាតត្បាតសកលនេះ ដើម្បីជំរុញផែនការស្តារសេដ្ឋកិច្ចឡើងវិញ របស់យើង។ ឆ្លៀតក្នុងឱកាសនេះ សម្តេចសូមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ក្នុងការរៀបចំកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នៅក្នុងបរិបទនៃជំងឺរាតត្បាតសកលនេះ ហើយសម្តេចបានជូនពរឱ្យប្រទេសជប៉ុនរៀបចំកម្មវិធីកីឡានេះទទួលបានជោគជ័យប្រកបដោយផ្លែផ្កា។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងទាំង ក្របខណ្ឌពហុភាគី ជាពិសេសនៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលនឹងត្រូវរៀបចំតាមរយៈប្រព័ន្ធ វីដេអូ នៅខែវិច្ឆិកាឆ្នាំនេះ និងនៅក្នុងឱកាសកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំក្រោយ ដើម្បីជាប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិ និងប្រជាជនយើង៕
ខាងក្រោមនេះជាសារឆ្លើយឆ្លងរវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីជប៉ុន ស៊ូហ្គា យ៉ូស៊ីហ៉ីដេ៖