(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ទៅ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ប៉ុន្តែក្រសួងថាតែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ដែល ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ការហក់ឡើងទឹកទន្លេមេគង្គ គឺបណ្តាលមកពីឥទ្ធិពលព្យុះទី៧ មានឈ្មោះថា «សេមប៉ាកា» និងព្យុះមួយចំនួនទៀត។
ក្រសួងធនធានទឹក បានបញ្ជាក់ថា «ក្នុងរយ:ពេលកន្លងមកព្យុះទី ៧ ឈ្មោះ សេមប៉ាកា (CEMPAKA) និងបណ្តាឥទ្ធិពលនៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើមាន៖ ចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឦសានប្រទេសកម្ពុជា»។
ស្ថានភាពបែបនេះ បានធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹងបន្តឡើងក្នុងរយៈពេលពី ៣ទៅ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្តាលឲ្យជន់លិចតំបន់ទំនាបអបមាត់ទន្លេមេគង្គលើ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ននៅឡើយនោះទេ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក សូមឲ្យសាធារណជន អាជ្ញាធរដែនដីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេមេគង្គ និងតំបន់ទំនាបនានា ជ្រាបជាព័ត៌មាន និងរួសរាន់ប្រមូលកសិផល ឲ្យបានទាន់ពេលវេលា និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕