(ភ្នំពេញ)៖ ជាថ្មីម្តងទៀតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តក្រើនរំឮកដល់ប្រជាពលរដ្ឋកម្ពុជា កុំធ្វេសប្រហែសមើលស្រាល លើជំងឺកូវីដ១៩ ឱ្យសោះព្រោះជំងឺនេះ នៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ម៉ាស ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ហើយកុំទៅទីប្រជុំជនដែលមានមនុស្សច្រើន បើគ្មានការចាំបាច់អ្វីទេនោះ។ ទីកន្លែងសំខាន់ៗមួយចំនួនដូចជា ការិយាល័យធ្វើការ ហាងកាហ្វេ ភោគជនីយដ្ឋាន ផ្សារទំនើប ជាពិសេសក្លីនិកព្យាបាល និងមន្ទីពេទ្យនានាត្រូវមានទឹកអាល់កុល ជែល និងម៉ាសសម្រាប់ពាក់ការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ពីម្នាក់ទៅម្នាក់។
តាមរយៈ Facebook នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានក្រៀនរំឮកយ៉ាងដូច្នេះថា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ព្រោះជំងឺនេះគឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលគ្មានថ្នាំព្យាបាលនៅឡើយទេមកទល់ថ្ងៃនេះ។ ដូចយើងទាំង អស់គ្នា បានដឹង ហើយពេលនេះកម្ពុជាយើង ក៏មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ថ្មីទៀតដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ហើយពេលនេះកំពុងព្យាបាល និងរស់នៅដាច់ដោយឡែក ក្នុងមណ្ឌលព្យាបាលកូវីដ១៩។ សូមបងប្អូនប្រជាពលរដ្ឋកុំធ្វេសប្រហែសមើលស្រាលលើជំងឺកូវីដ១៩ ឱ្យសោះ»។
តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) នៅលើពិភពលោកពេលនេះចំនួនអ្នកឆ្លងរោគកូវីដ១៩ គឺបានកើនឡើង ៧,៤១០,៥១០ ហើយចំនួនអ្នកស្លាប់គឺបានកើនដល់ ៤១៨,២៩៤នាក់។ នៅសហរដ្ឋអាមេរិក គឺចំនួនអ្នកឆ្លងរោគកូវីដ១៩ និងស្លាប់ច្រើនជាងគេ។ រីឯនៅទីក្រុងប៉េកាំងប្រទេសចិន ចំនួនអ្នកឆ្លងកូវីដ១៩ ថ្មីក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ គឺមាន ៥៩នាក់ ដែលកម្ពុជាសូមចូលរួមក្នុងក្តីព្រួយបារម្ភនេះ ព្រោះសុខទុក្ខរបស់ប្រទេសចិន ក៏ជាសុខទុក្ខរបស់កម្ពុជាផងដែរ។
ប្រសិនបើមានការសង្ស័យពីអាការៈរោគឆ្លងកូវីដ១៩ សូមខលទៅលេខ ១១៥ ហើយសូមសហការនិងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។