(ភ្នំពេញ)៖ វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំនួន ១លានដូស នឹងដឹកមកដល់ព្រលានយន្តហោះភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់វ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុននេះ។
ការអញ្ជើញទទួលវ៉ាក់សាំងនៅព្រលានយន្តហោះរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៣ ខែកក្កដា គឺជាការអញ្ជើញទទួលវ៉ាក់សាំងប្រទេសជាមិត្តលើកទី២ហើយ។ លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ដែលពេលនោះសម្តេចអញ្ជើញទទួលវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន ៦០ម៉ឺនដូស។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ AstraZeneca ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ១លានដូស នេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និងដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
លោកឯកអគ្គរាជទូត បានបញ្ជាក់ថា វ៉ាក់សាំង ដែលត្រូវបានផ្តល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។
«ខ្ញុំសង្ឃឹមថា ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួន របស់ប្រជាជនកម្ពុជា។ ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា»។ នេះជាការបញ្ជាក់របស់លោក មិកាមិ ម៉ាសាហ៉ីរ៉ូ។
លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់ដែរថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយស្មើនឹងទឹកប្រាក់ សរុបជាង ៥០លានដុល្លារអាមេរិកហើយ ដល់កម្ពុជា។ អំណោយទាំងនោះរួមមាន៖ ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់ វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឱ្យ បានត្រឹមត្រូវផងដែរ។
ក្រៅពីនោះរដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។
លោកឯកអគ្គរាជទូតជប៉ុន ក៏បានឆ្លៀតឱកាសនេះសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ដែលកំពុងតែចាត់វិធានការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋ ទាំងអស់ដែលត្រូវខិតខំប្រឈមនឹងស្ថានភាពដ៏លំបាកនេះ។
លោកឯកអគ្គរាជទូត ក៏បានបង្ហាញនូវជំហរមុតមាំរបស់រដ្ឋាភិបាលជប៉ុនក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជាផងដែរ។ លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់។
លោកបង្ហាញក្តីសង្ឃឹមថា ស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូររវាង ប្រទេសទាំងពីរកម្ពុជា-ជប៉ុន ក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ៕