ម៉ូតូទឹក៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានសម្ដែងការសោកស្ដាយជាខ្លាំង បន្ទាប់ពីត្រូវខកខានចូលរួមប្រកួតប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Jet Ski World Series 2021-2022 ជុំទី១ នៅប្រទេសប៉ូឡូញដែលគ្រោងប្រកួតពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដាចុងសប្ដាហ៍នេះ។
អ៊ូមើត បានបញ្ជាក់ថា ការខកខាននេះដោយសារការស្នើទិដ្ឋាការ (Visa) ស្ថានទូតអាល្លឺម៉ង់នៅប្រទេសថៃមានការយឺតយ៉ាវ។ ម្យ៉ាងដោយសារលក្ខខណ្ឌដ៏លំបាកក្នុងបរិបទកូវីដ-១៩ ស្របពេលថៃកំពុងផ្ទុះជំងឺដ៏កាចសាហាវនេះ បានធ្វើឲ្យខ្លួនមិនអាចចូលរួមបានទាន់ទេ។ ម្ចាស់មេដាយមាសកីឡាអាស៊ីរូបនេះ បានសម្ដែងការសោកស្ដាយជាខ្លាំងដែលខិតខំហ្វឹកហាត់ និងត្រៀមខ្លួនចូលរួមរួចរាល់ តែបែរជាត្រូវខកខានទៅវិញ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Jet Ski World Series 2021-2022 ត្រូវបានកំណត់ប្រកួត ៣ជុំនៅទ្វីបចំនួន ៣ ដោយជុំទី១ ផ្ដើមប្រកួតពីទ្វីបអឺរ៉ុប ដែលប្រទេសប៉ូឡូញទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខណៈជុំទី២ នឹងប្រកួតនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ និងជុំទី៣ ដែលជាជុំកាត់សេចក្ដីនឹងប្រកួតនាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។
កីឡាករខ្មែរឥស្លាម សាលី អ៊ូមើត បានបញ្ជាក់ថា ដោយខកខានចូលរួមប្រកួតជុំទី១ ខ្លួនក៏អាចចូលរួមប្រកួតជុំទី២ ឬជុំទី៣ បានដែរ ប៉ុន្តែទោះបីទទួលបានលេខ១ ក្នុងការប្រកួត ២ជុំចុងក្រោយក៏ពុំអាចទទួលបានចំណាត់ថ្នាក់ដែរ ដ្បិតខ្លួនបានខាតបង់ការប្រកួតសន្សំពិន្ទុ ១ជុំទៅហើយ៕