ភ្នំពេញ ៖ លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រុមការងារនាយកដ្ឋាន បានចុះសិក្សាស្រាវជ្រាវសម្ភារៈប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលបន្សល់ទុកពីសង្គមដើម រហូតមកដល់បច្ចុប្បន្ន បើទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលបង្ករឡើងដោយមេរោគកូវីដ-១៩ ក៏ដោយ។
លោក ឈឹម សុធី បានឲ្យដឹងទៀតថា គម្រោងសិក្សាស្រាវជ្រាវសម្ភារៈប្រើបា្រស់លក្ខណៈប្រពៃណីខ្មែរធ្វើឡើងកាលពីឆ្នាំ២០២០ ក្នុងខេត្តចំនួន៧ខេត្ត និងបន្តរហូតមកដល់សព្វថ្ងៃនេះ។ ព្រោះថាសម្ភារៈប្រើប្រាស់លក្ខណៈប្រពៃណីខ្មែរ នៅទូទាំងប្រទេសមានច្រើនណាស់ ប៉ុន្តែក្នុងដំណើរការសិក្សាស្រាវជ្រាវនេះសម្រេចបាន៧០-៨០%ហើយ ក្រៅពីនោះនៅតែតំបន់ឆ្ងាយប៉ុណ្ណោះ ដែលក្រុមការងារនាយកដ្ឋានទៅមិនដល់។
លោក ឈឹម សុធី បានបន្ថែមថា សម្ភារៈផ្ទះខ្មែរ គឺនាយកដ្ឋានបានស្រាវជ្រាវបានច្រើនហើយ ច្រើនទំព័រមែនទែនគិតទៅប្រហែលជា៣០០ទំព័រ សរុបទាំងរូបថត និងអត្ថបទខ្លះពន្យល់អំពីសម្ភារៈ។ សម្ភារៈនេះ បែងចែកជាច្រើនមុខ មានស្ពាន់ មានប្រាក់ មានឈើ ផ្តៅ លពាក់ វ័រ ឬស្សី គ្រប់សព្វទាំងអស់ឲ្យតែខ្មែរយើងប្រើបា្រស់ និងមានគ្រឿងខ្លះសល់ពីអាណានិគមបារាំង មានម៉ាំងសុង ឆ្នាំងអ៊ុតពីដើមៗ និងរបស់របរនេសាទ មានច្រើនដែរ មានគ្រឿងឆ្បូប គ្រឿងចង្រាប់ ឲ្យតែមានយើងដាក់ចូលទាំងអស់។ ហើយយើងត្រៀមបន្តទៅទៀតឲ្យតែឃើញរបស់ណាប្លែកយើងនឹងថតដាក់បន្តទៀត ព្រោះការឌីហ្សាញមិនទាន់ចប់នោះទេ នឹងក៏មិនទាន់បានបោះពុម្ភទេ យើងនឹងបន្តកែសម្រួល….។
ជាចុងក្រោយលោក ឈឹម សុធី បានបញ្ជាក់ទៀតថា សម្ភារៈប្រើប្រាស់លក្ខណៈប្រពៃណីខ្មែរដែល នាយកដ្ឋានកំពុងស្រាវជ្រាវនេះ គឺជាប្រភេទសម្ភារៈសិល្បៈ និងសិល្បៈសិប្បកម្មមិនមែនជាសម្ភារៈប្រើបា្រស់បែបវិទ្យាសាស្រ្តគីមី និងជ័រនោះទេ គឺជាប្រភេទសម្ភារៈប្រើប្រាស់ច្នៃប្រឌិតដោយដៃ ធ្វើឡើងដោយឈើ និងរុក្ខជាតិ។
ក្នុងនាមលោក ជាអ្នកតំណាងឲ្យក្រុមអ្នកស្រាវជ្រាវ ដ៏ដូចជាអ្នកធ្វើការក្នុងវិស័យវប្បធម៌ មានបំណងថា ខ្មែរយើងមានវប្បធម៌ចំណាស់ មានអត្តសញ្ញាណរបស់ខ្លួន មានសម្ភារៈប្រើប្រាស់ទុកសម្គាល់ថា ជាតិសាសន៍មួយជាតិខ្មែរយើង។ ដូច្នេះសម្ភារៈប្រើបា្រស់ទាំងអស់នេះ គ្រាន់តែឃើញថាយើងប្រើប្រាស់ និងដាក់លក់នៅកន្លែងណា គេដឹងថានេះជារបស់ខ្មែរបុរាណ បន្តពីដូនតាមួយជំនាន់ ទៅមួយជំនាន់ ហើយយុវជនជំនាន់ក៏បានចូលរួមបន្តវេនធ្វើកិច្ចការទាំងអស់នេះ។
ដូច្នេះសូមឲ្យចេះស្រលាញ់សម្ភារៈប្រើបា្រស់លក្ខណៈប្រពៃណីខ្មែរ សម្បតិ្តបេតិកភណ្ឌ រក្សា និងកុំយកទៅលក់នៅស្រុកក្រៅ រក្សាទុកនៅក្នុងប្រទេសកំណើតរបស់ខ្លួន ឲ្យបានច្រើននូវរបស់របរចាស់ៗ និងបន្តផលិតថែមទៀតនូវរបស់ថ្មី ដើម្បីនាំចេញនូវវត្ថុសិល្បៈថ្មី ប៉ុន្តែយើងថែរក្សាវត្ថុសិល្បៈចាស់ៗ ដែលជាកេរ្តិ៍តំណែលរបស់ដូនតាយើងបានបន្សល់ទុក៕