ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា បុរសវ័យ ៧០ឆ្នាំម្នាក់នៅខេត្តឧត្តរមានជ័យ គឺជាបុគ្គលទី៥លាន ដែលទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងបែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅថ្ងៃនេះ។
សម្ដេចតេជោបញ្ជាក់ថា បុរសទី៥លានដែលទទួលបានវ៉ាក់សាំងនោះ គឺលោក ណុប មាន ជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្ថិតក្នុងស្រុកត្រពាំងប្រាសាទ ដែលទទួលបានវ៉ាក់សាំងនៅព្រឹកថ្ងៃនេះ។
ប្រមុខរាជរដ្ឋាភិបាលឱ្យដឹងផងដែរថា កសិករវ័យ៧០ឆ្នាំរូបនេះ នឹងទទួលបានថវិកា ១០លានរៀល ដែលជាការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន។
គិតមកត្រឹមថ្ងៃនេះ កម្ពុជាបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋទូទាំងប្រទេសបានចំនួនជាង ៥លាននាក់ហើយ ដែលស្មើនឹង ៥០ភាគរយនៃចំនួនប្រជាជន ១០លាននាក់ ដែលរាជរដ្ឋាភិបាលកំណត់គោលដៅសម្រាប់ចាក់វ៉ាក់សាំង៕