បាល់ទាត់៖ ក្រុមជំរើសជាតិអ៊ីតាលីបានក្លាយជាជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប ជាលើកដំបូងក្នុងរយៈពេល ៥៣ឆ្នាំ និងជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះអង់គ្លេសដោយបាល់ ១១ម៉ែត្រកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រនៅ Wembley។
ជ័យជំនះរបស់អ៊ីតាលីក៏បានបញ្ចប់ក្តីសង្ឃឹម របស់អង់គ្លេសដែលចង់ឈ្នះពានរង្វាន់ធំលើកដំបូងក្នុងរយៈពេល ៥៥ឆ្នាំដែលពួកគេឈ្នះចុងក្រោយបំផុតនៅ World Cup ១៩៦៦ ក្នុងទឹកដីខ្លួនឯង។ ជារាត្រីដ៏ឈឺចាប់មួយសំរាប់អ្នកគាំទ្រអង់គ្លេស ជាពិសេសសអ្នកគាំទ្រភាគច្រើនដែលមានឱកាសអង្គុយទស្សនាផ្ទាល់នៅកីឡដ្ឋាន Wembley ទោះបីពួកគេជាអ្នកត្រេកអរមុននៅពេលខ្សែការពារ Manchester United, Luke Shaw ស៊ុតបើកការនាំមុខតាំងពីនាទីទី២។ អ៊ីតាលីដែលមិនស្គាល់ពាក្យថាចាញ់ ៣៣ប្រកួតជាប់គ្នាមកហើយនោះតាមស្មើវិញបានសំរេចដោយខ្សែការពារ Juventus, Leonardo Bonucci នៅនាទីទី៦៧ បន្ទាប់ពីអ្នកចាំទីអង់គ្លេស Jordan Pickford សង្គ្រោះបាល់តែតរបស់ Marco Verratti ដែលបុកបង្គោលទី។
មិនមានក្រុមណាអាចរកគ្រាប់បាល់បានទៀតឡើយ ទាំងម៉ោងបន្ថែម ១៥នាទីពីរដង ខណៈអ្នកចាត់ការអង់គ្លេស Gareth Southgate ផ្លាស់ប្តូរកីឡាករពីរនាក់ចូលដើម្បីទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីគឺ Marcus Rashford និង Jadon Sancho។ កីឡាកររបស់ក្រុមបិសាចក្រហម Manchester United ទាំងពីរនាក់នេះសុទ្ធតែធ្វើមិនបានសំរេច ទោះបីអ៊ីតាលី Jorginho និង Andrea Belotti ស៊ុតមិនចូលដោយរារាំងពី Jordan Pickford ក្តីតែកីឡាករវ័យ ១៩ឆ្នាំរបស់ Arsenal, Bukayo Saka គឺជាអ្នកស៊ុតមិនចូលគ្រាប់បាល់ចុងក្រោយ។ មកមើលស្ថិតិរបស់ក្រុមទាំងពីរនៅវគ្គផ្តាច់ព្រ័ត្រនេះវិញគឺ៖
- អ៊ីតាលីដែលឈ្នះជើងឯកអឺរ៉ុបនេះជាលើកទី២ ក្នុងរយៈពេល ៥៣ឆ្នាំគឺជាគំលាតដ៏យូរបំផុតនៃការឈ្នះជើងឯង បន្ទាប់ពីអេស្ប៉ាញ ៤៤ឆ្នាំចន្លោះឆ្នាំ១៩៦៤ និងឆ្នាំ២០០៨។
- អង់គ្លេសនៅតែបន្តស្ថិតិអាក្រក់របស់ខ្លួនក្នុងការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីគឺឈ្នះតែ ២ប្រកួតប៉ុណ្ណោះក្នុងចំណោម ៩ប្រកួតនៅ World Cup រឺ Euro និងគិតជាភាគរយ ២២% ប៉ុណ្ណោះ។
- នេះជាប្រកួតដំបូងនៅ Euro ២០២០ នេះដែលអ៊ីតាលីត្រូវបានគេនាំមុខមុន។
- ស្ថិតិគ្រប់គ្រងបាល់បានត្រឹម ៣៤.៤% ប៉ុណ្ណោះសំរាប់អង់គ្លេស ដែលជាស្ថិតិទាបបំផុតនៅ Wembley តាំងពីឆ្នាំ២០១៦ នៅពេលលេងជាមួយអេស្ប៉ាញ។
- អ្នកចាត់ការអង់គ្លេស Gareth Southgate តែងតែមានការផ្លាស់ប្តូរជំរើស ១១នាក់ដំបូងយ៉ាងហោចម្នាក់ពីរមួយប្រកួតទៅមួយប្រកួតសរុប ៣៧ប្រកួត។
- Luke Shaw ស៊ុតបញ្ចូលទីនៅនាទីទី១ និង ៥៧វិនាទីដែលជាគ្រាប់ដំបូងរបស់គេឱ្យអង់គ្លេសនោះ គឺជាគ្រាប់បាល់ស៊ុតបញ្ចូលទីលឿនបំផុតនៅវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអឺរ៉ុប។
- ក្នុងវ័យ ៣៤ឆ្នាំ ៧១ថ្ងៃ ខ្សែការពារអ៊ីតាលី Leonardo Bonucci បានក្លាយជាកីឡាករចំណាស់បំផុត ដែលស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអឺរ៉ុប និងជាកីឡាករដែលមានវ័យចំណាស់ទី២ បើរាប់ជាមួយ World Cup បន្ទាប់ពី Nils Liedholm ស៊ុតឱ្យស៊ុតអែតពេលជួបប្រេស៊ីលនៅ World Cup ១៩៥៨ ក្នុងវ័យ ៣៥ឆ្នាំ ២៦៤ថ្ងៃ។