កំពង់ចាម ៖ បើទោះបីកម្ពុជា រងវិបត្តិកូវីដ១៩ក៏ដោយ តែការអភិវឌ្ឍនៅតែបន្តកសាង ជួសជុលជាបន្តជានិច្ច ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះសិក្សាលម្អិតលើគម្រោងផ្លូវ៤គន្លង លើផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
ក្នុងការចុះសិក្សាលើគម្រោងពង្រីកផ្លូវជាតិលេខ៧នេះដែរ មានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ ដើម្បីចុះពិនិត្យ និងសិក្សាផលប៉ះពាល់ រៀបចំកែលម្អ លើការពង្រីកគម្រោងផ្លូវ៤គន្លង ស្ថិតនៅលើណាត់ផ្លូវជាតិលេខ៧ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងប្រមាណជាង៤៥គីឡូម៉ែត្រ។
សូមជម្រាបជូនថា សមិទ្ធផលថ្មីនេះ របស់សម្តេចជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តកសាងស្ថាបនា ជួសជុលឡើង ដូចជាក់ស្តែងកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលផ្សារស្គន់ រហូតគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដើម្បីពង្រីកទៅជាផ្លូវដែលមាន៤គន្លង ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ចរាចរណ៍ទៅវិញទៅមក ខណៈបច្ចប្បន្នកម្ពុជា មានកំណើនមធ្យោបាយដំណើរច្រើន៕