ភ្នំពេញ ៖ ការអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតដល់ពេលនេះ អនុវត្តការងារបានប្រមាណ៩៥ ភាគរយហើយ ។ នេះចាត់ទុកថា ជាការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទន្លេ បានយ៉ាងរលូន និងទទួលបានជោគជ័យ ។
នេះបើតាមការលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។
លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា រាជធានីភ្នំពេញមានខណ្ឌចំនួន០៦ ដែលមានផ្ទះបណ្ដែតទឹក បែត្រី និងសំណង់មិនរៀបរយនៅតាមដងទន្លេ ដែលមានចំនួនរហូតដល់ ១៤៧២ទីតាំង ដោយចែកចេញជា៤ប្រភេទ ក្នុងនោះមានប្រភេទជា បែត្រី សំណង់មិនរៀបរយ ដៃត្រី និងទូកនេសាទ។ ការអនុវត្តវិធានការ គឺមានប្រជាពលរដ្ឋបានស្ម័គ្រចិត្តរុះរើចេញមកលើគោកមានចំនួន ១២៤២ទីតាំង។ ចំពោះទីតាំងចល័ត អាជ្ញាធរបានរៀបចំឲ្យពួកគាត់ចិញ្ចឹមត្រីជាបណ្តោះអាសន្នចំនួន២ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅជាប់ព្រំប្រទល់រវាងស្រុកពញាឮ និងខណ្ឌព្រែកព្នៅ មានចំនួន១៩៤ទីតាំង ។ ទីតាំងទី២ នៅជាប់និងស្រុកលើកដែកចំនួន១៩ទីតាំង និងទីតាំងដែលបាននិងកំពុងរុះរើមានចំនួន១៧ទីតាំង ដែលការងារនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យចំនួន៩៥ភាគរយ គិតមកដល់ពេលនេះ។
លោក មាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា ការអនុវត្តនូវវិធានការជុំវិញការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ទៅលើបែត្រី ផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយនៅលើផ្ទៃទឹកតាមដងទន្លេ នៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ គឺដោយសារអាជ្ញាធរមានវិធានការចំពោះមុខល្អប្រសើរ សហការបានល្អជាមួយដៃគូពាក់ព័ន្ធ និងមានការគាំទ្រពីមហាជនយ៉ាងពេញទំហឹង។
ឯកឧត្ដម ប៉ា សុជាតិវង្ស នៅក្នុងឱកាសនោះបានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្ដម ឃួង ស្រេង ជាអភិបាល ដែលអនុវត្តការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទឹកនេះបានយ៉ាងល្អប្រសើរ និងទទួលបានជោគជ័យ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ គឺជាថ្ងៃដែលអាជ្ញាធរប្រើវិធានការរដ្ឋបាលចុះទៅរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ កុំឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសកុំឲ្យបន្តការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ៕