ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់បែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញនៅថ្ងៃនេះ បន្ទាប់ពីទទួលបានការបំភ្លឺពីក្រុមអ្នកសាងសង់សំណង់មួយនេះ។
សំណង់ប្រាសាទដែលកំពុងស្ថិតក្នុងដំណើរការសាងសង់ពីថ្ម ស្ថិតនៅក្នុងខេត្តបុរីរម្យ ក្នុងប្រទេសថៃ បានក្លាយជាប្រធានបទនៃការជជែក និងចោទសួរថា តើរចនាបថនៃសំណង់ថ្មីនោះ បានចម្លងតាមទ្រង់ទ្រាយនៃប្រាសាទអង្គរវត្តរបស់កម្ពុជា ឬក៏យ៉ាងណា។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រសួងបានស្វែងរកព័ត៌មានលម្អិតអំពីសំណង់ថ្មីនេះតាមរយៈការសហការជាមួយនឹងស្ថានទូតថៃប្រចាំនៅកម្ពុជា និងទទួលបានការបំភ្លឺពីម្ចាស់សំណង់នោះ។
ក្រសួងឱ្យដឹងទៀតថា ម្ចាស់សំណង់បានបំភ្លឺថា សំណង់ប្រាសាទនោះ មិនបានចម្លងរចនាបថស្ថាបត្យកម្មប្រាសាទអង្គរវត្ត ឬសំណង់ប្រាសាទណាមួយនៅក្នុងប្រទេសកម្ពុជាទេ។
ផ្ទុ្ទុយទៅវិញ ម្ចាស់សំណង់ប្រាសាទថ្មីនេះ ដែលជាព្រះចៅអធិការវត្តមួយអង្គ បានបំភ្លឺទៀតថា រចនាបថនៃសំណង់ថ្មីនេះ យកលំនៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួននៅក្នុងតំបន់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានឱ្យដឹងផងដែរថា ម្ចាស់សំណង់ថ្មីនេះ ក៏ស្វាគមន៍ការចុះទៅត្រួតពិនិត្យរបស់មន្ត្រីជំនាញកម្ពុជាទៅលើសំណង់ថ្មីនេះផងដែរ ប្រសិនបើកម្ពុជានៅតែមានមន្ទិលសង្ស័យ។
ដំណើរការសំណង់ប្រាសាទថ្មី ដែលស្ថិតលើផ្ទៃដីទំហំប្រហែល ២០០រ៉ៃ ឬប្រហែល ៣២ហិកតា បានចាប់តាំងពីខែមេសាកន្លងមក ហើយសំណង់ប្រាសាទថ្មីនេះ ត្រូវបានគេប្រសិទ្ធនាមថា «សីហណៈខន» ឬអានតាមភាសាខ្មែរថា «សីហនគរ»៕