ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវលើករណីការសាងសង់ប្រាសាទដូចអង្គរវត្តនៅលើទឹកដីថៃ។ នេះបើតាមប្រសាសន៍លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ឱ្យ ដឹងនៅយប់ថ្ងៃទី៥ ខែកក្កដា។
តាមរយៈការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា ប្រាសាទដូចអង្គរវត្តរបស់កម្ពុជាកំពុងសាងនៅទឹកដីថៃ។ ការសាងសង់ប្រាសាទដែលចម្លងចេញពីរូបរាងប្រាសាទអង្គរវត្តរបស់កម្ពុជានេះ គឺ ស្ថិតនៅខេត្តបុរីរ៉ាំ ប្រទេសថៃ។
តាមការលើកឡើងនៅក្នុងបណ្ដាញសង្គម ក៏បានឱ្យដឹងដែរថា វិស្វករដែលសាងសង់ប្រាសាទដោយចម្លងតាមប្រាសាទអង្គរវត្តរបស់កម្ពុជានេះ ក៏មានការមិនសប្បាយចិត្ត ចំពោះការរិះគន់លើស្នាដៃរបស់គេដែលកំពុងសាងសង់នេះដែរ។
លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា ក្រសួងបានទាក់ទងទៅកុងស៊ុល កម្ពុជាប្រចាំនៅទីនោះឱ្យស្រាវជ្រាវករណីនេះឱ្យបានល្អិតល្អន់ផងដែរ៕