ភ្នំពេញ ៖ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍ករណីភ្លើងឆាបឆេះទីតាំងស្តុក សម្ភារៈសម្រាប់ជួលធ្វើរោងការ ។
ហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងកាលពីវេលាប្រហែលម៉ោង ១១និង ៣០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទីតាំងស្តុកសម្ភារៈសម្រាប់ជួលធ្វើរោងការ ក្នុងបុរី ជីព ម៉ុង ផ្លូវបេតុង ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចជំនាញសង្គ្រោះ បង្ការ និង ពន្លត់អគ្គិភ័យ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការអន្តរាគមន៍សង្គ្រោះគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តសង្គ្រោះ បង្ការ និង ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៨គ្រឿង ដោយបាញ់ទឹកអស់ចំនួន៥៤ឡាន ។ ក្រៅពីនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យ ផ្នែកឯកជនជាច្រើនគ្រឿងជួយអន្តរាគមន៍ផងដែរ ។
សមត្ថកិច្ចជំនាញ ប្រាប់បន្តថា ក្នុងប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ មានភាពស្មុគស្មាញ និងលំបាកបន្តិច ដោយសារទីតាំងដែលឆេះនោះ គឺជាកម្រាលព្រុំដែលដាក់គរលើគ្នាច្រើន ។ ដូច្នេះត្រូវប្រើប្រាស់គ្រឿងចក្រ អេស្កាវ៉ាទ័រ មួយគ្រឿង កាយគំនរព្រុំនោះបន្តិចម្តងៗ រួចបាញ់ទឹកមេសាប៊ូ រហូតទទួលបានជោគជ័យ ។
ចំពោះគ្រោះអគ្គិភ័យ បើតាមរបាយការណ៍ គឺមិនប៉ះពាល់ដល់មនុស្សនោះឡើយ ដោយគ្រាន់តែឆេះរោលទៅផ្ទះពីរខ្នង និង វិឡាមួយនៅជុំវិញប៉ុណ្ណោះ ។ មូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ។
ជាមួយគ្នានេះ សមត្ថកិច្ច បានបញ្ជាក់ថា នៅដើមខែកក្កដា ឆ្នាំ២០២១នេះ គឺកើតមានគ្រោះអគ្គិភ័យនៅក្នុងរាជធានីភ្នំពេញ១០ករណីហើយ ៕