(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ គឺជាខួបទី៧៥ឆ្នាំហើយ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ ជាមួយថ្ងៃកំណើតរបស់នគរបាលជាតិនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានផ្ញើសារលិខិតជូនពរមួយទៅកាន់កម្លាំងនគរបាលជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចក្នុងសារលិខិតជូនពរនេះថា ការរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា មានអត្ថន័យសំខាន់ៗពីរសំខាន់។ ទីមួយ ដើម្បីឧទ្ទិសរំលឹកដល់ស្នាព្រះហស្ថ និងគុណូបការៈរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានបង្កើតអង្គប្រតិបត្តិច្បាប់នេះ ក្នុងព្រះរាជបំណងធានាស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។
ទីពីរ គឺជាការរំឭកការចងចាំនូវដំណើរឆ្លងកាត់ ជាប្រវត្តិសាស្ត្ររបស់រៀមច្បងនៃកងកម្លាំងនគរបាលជាតិគ្រប់ជំនាន់ ក្នុងបុព្វហេតុសន្តិសុខជាតិ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ។