ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាអនុញ្ញាតឲ្យឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គម និយមវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈឯកឧត្តមបានបញ្ចប់អាណត្តិ បេសកកម្មការទូតប្រចាំនៅកម្ពុជា។
ក្នុងជំនួបដែលធ្វើនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣ កក្កដានេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ក្នុងបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តម វូ ជំរាបសម្តេចតេជោថា បេសកម្មកម្មការទូតនៅកម្ពុជា ឯកឧត្តម បានសង្កេតឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាមមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។
ឯកឧត្តម បានបន្ថែថា ជាការឆ្លើយតបសម្តេចតេជោ បានយល់ស្រប ជាមួយអ្វីដែលឯកឧត្តមវូ បានលើកឡើង ហើយសម្តេច ក៏បានថ្លែងអំណរគុណជូនឯកឧត្តម វូ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនកាន់តែរឹងមាំ។
សម្ដេចក៏បានជម្រាបជូនថា ក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើទីមួយ ៖ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈវិធានសុខាភិបាល,ទីពីរ ៖ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ ,និងទីបី ៖ ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរ អាចជំរុញធ្វើការរួមគ្នាបាន។
ជាទីបញ្ចប់ សម្តេចបានជូនពរអោយឯកឧត្តម ទទួលបានជោគជ័យ ជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មការទូតរបស់ឯកឧត្ដម នៅថ្ងៃអនាគត។
សូមបញ្ជាក់ថា លោក វ៉ូ ក្វាង មិញ បានមកបំពេញ បេសកកម្មការទូតនៅកម្ពុជា កាលពីឆ្នាំ២០១៨ ដែលគិតរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ឆ្នាំ៕