(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសពីការបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ជាមួយលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា៖
«ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំ ទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែខ្ញុំម្នាក់ទេ ដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដង ក្នុងរយៈពេល៨ខែ។ ខ្ញុំសង្ឃឹមថា នឹងពុំមានលើកទី៤ទៀតទេ។
ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបខ្ញុំត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់ គឺការធ្វើតេស្តរហ័ស និងកាន់តែធានាសម្រាប់ទាំងអស់ គឺការមិនជួបគ្នាដោយផ្ទាល់ និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសសម្រេចលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុក ដោយសារតែសម្តេច បានជាប់ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ គ្រូពេទ្យតម្រូវឲ្យធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាចាំបាច់៕