(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកដំណើរការជាបណ្ដោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចនេះឯកឧត្តម ឃួង ស្រេង បានកំណត់ថា ទីតាំងផ្សារអូឡាំពិកនេះ ត្រូវបិទខ្ទប់ជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។
ដោយឡែក សន្ដិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ដ្រីជំនាញ និងមន្ដ្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គណៈកម្មការផ្សារអូឡាំពិក ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ដ្រីជំនាញ និងមន្ដ្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឲ្យបានម៉ឺងម៉ាត់។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖