ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងកូវីដ១៩ បានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រថ្មីបន្ថែមទៀត ដើម្បីទប់ស្កាត់ការនាំចូលមេរោគបំប្លែងខ្លួនថ្មី ជាពិសេសត្រូវពង្រឹងការគ្រប់គ្រងការចេញចូលតាមព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
តាមរយៈសារពិសេសថ្លែងចេញពីភូមិគ្រឹះក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១កក្កដាក្នុងកិច្ចប្រជុំគណៈកម្មការជាតិប្រយុទ្ធប្រឆាំងកូវីដ១៩ សម្តេចតេជោ បានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រថ្មីៗ ជាពិសេស ការទប់ស្កាត់ការនាំចូលនៅតាមព្រំដែនទាំងអស់ត្រូវពង្រឹងការចេញចូលតាមព្រំដែនទាំងអស់ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសសម្តេចមិនស្តីបន្ទោសទេនៅក្នុងពេលវេលានេះ ។ ប៉ុន្តែសម្តេចត្រូវតែមានការណែនាំនៅលើចំណុចខ្វះខាតរបស់មន្ត្រីសុខាភិបាល ដូចជាការផ្តល់សម្ភារៈវេជ្ជសាស្ត្រការធ្វើតេស្តរហ័ស និងសម្ភារៈប្រើប្រាស់ដទៃទៀតមិនបានឆ្លើយតបតាមការស្នើសុំរបស់ខេត្ត ដែលបាននិងកំពុងមានហានិភ័យឆ្លងរាលដាល បានតាមសំណើរជាដើមនោះ។
សម្ដេច បានបន្ថែមថា ទាក់ទងឧបករណ៍តេស្តរហ័សនេះ នៅសល់មិនខ្វះនោះឡើយ ដូច្នេះគ្មានរឿងអីដែលត្រូវនិយាយពីបញ្ហានោះ។
សម្តេច បានបន្តថា ការធ្វើរបៀបនេះ វាមិនខុសពីការដែលហៅថា កងទ័ពទៅច្បាំងខ្វះគ្រាប់ខ្វះអាវុធនោះ ។ដូច្នេះសម្តេច បានណែនាំសូមយកចិត្តទុកដាក់ឲ្យច្បាស់ ជាពិសេសប្រដាប់ធ្វើតេស្តេរហ័ស មិនត្រូវទុកតែក្នុងឃ្លាំងនោះទេ រាប់ទាំងសម្ភារៈផ្សេងៗទៀត ដែលពេលវេលានេះមិនមែនជាពេលវេលាត្រូវស្តីបន្ទោសនោះទេ តែជាពេលវេលាត្រូវកែតម្រូវ ៕