(ភ្នំពេញ)៖ អ្នកជំងឺចុងក្រោយគេទី១២២ ដែលមានស្រុកកំណើត នៅខេត្តបន្ទាយមានជ័យ ត្រូវបានព្យាបាលជាសះស្បើយ។ ទន្ទឹមនឹងការព្យាបាលអ្នកជំងឺឱ្យជាសះស្បើយអស់ហើយនោះមកដល់ត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ រយៈពេល ៣៣ថ្ងៃហើយ ដែលកម្ពុជារកមិនឃើញមានអ្នកឆ្លងជំងឺនេះថ្មីនោះឡើយ។
សូមអរគុណទ័ពអាវសរបស់កម្ពុជាទាំងជួរមុខ និងជួរក្រោយ ដែលបានពួតដៃយ៉ាងស្វាហាប់ និងពលីកម្មសព្វបែបយ៉ាងដោយមិនខ្លាចនឿយហត់ប្រយុទ្ធជាមួយជំងឺកូវីដ១៩ដោយអង់អាចក្លាហាន។
ប្រទេសកម្ពុជាត្រូវបានរកឃើញអ្នកកើតជំងឺកូវីដ១៩ករណីដំបូងលើបុរសជនជាតិចិន មកពីទីក្រុងវូហាន ខេត្តហឺប៉ី ប្រទេសចិន ក្នុងខែមករា ឆ្នាំ២០២០។ បន្ទាប់ពីបុរសរូបនេះបានព្យាបាលជាទៅ កម្ពុជាក៏បានរកឃើញករណីទី២កើតលើបុរសជនជាតិខ្មែរនៅក្នុងខេត្តសៀមរាប នៅក្នុងខែមីនា។ បុរសជនជាតិខ្មែររូបនេះ គឺជាជនជាតិខ្មែរដំបូងគេដែលបានឆ្លងជំងឺកូវីដ១៩ ដោយឆ្លងពីបុរសជនជាតិជប៉ុន ដែលធ្វើការជាមួយគ្នា។
ចាប់ពីខែមីនានោះមករហូតដល់ខែដើមខែមេសា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់រហូតដល់ទៅ១២២រូប។ អ្នកដែលបានឆ្លងជំងឺកូវីដ១៩នេះ មានជនជាតិខ្មែរ៥១រូប និងជនបរទេស ៧១រូប។ ជនបរទេសដែលបានរកឃើញឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជានេះ រួមមាន៖ ចិន អាមេរិក អង់គ្លេស បារាំង កាណាដា ប៊ែលហ្សិក ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។
បើទោះបីថាមកដល់ពេលនេះ កម្ពុជាមិនទាន់ឆ្លងផុតពីហានិភ័យ និងដំណាក់កាលនៃការឆ្លងជំងឺកូវីដ១៩ ដែលជាមេរោគបង្កការភ័យខ្លាច និងចលាចលនៅក្នុងពិភពលោកយ៉ាងណាក្តី តែការព្យាបាលអ្នកជំងឺឱ្យជាសះស្បើយអស់ និងមិនគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺ គឺជាភាពជោគជ័យប្រកបដោយមោតទនភាព និងគួរឱ្យរីករាយជាពន់ពេក។
ក្នុងសង្គ្រាមប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩នេះ កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍ សមត្ថភាពវិស័យសុខាភិបាលនៅមានកម្រិតនៅឡើយនោះ ទទួលបានការវាយតម្លៃបង្កប់ដោយការពេបជ្រាយមួយចំនួនផង ពីក្រុមជនមាននិន្នាការនយោបាយប្រឆាំងរាជរដ្ឋាភិបាល និងបណ្តាជននៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួនទៅលើសមត្ថភាពបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងព្យាបាលជំងឺកូវីដ១៩។ ពួកគេបានព្រមានទៀតថា កម្ពុជា នឹងត្រូវប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ ដោយសារតែជំងឺរាតត្បាតមួយនេះ។