(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសបើកឱកាសឲ្យក្រុមហ៊ុនឯកជន អាចប្រើប្រាស់ឧបករណ៍តេស្ដរហ័ស ដើម្បីធ្វើតេស្ដសុខភាពបុគ្គលិក ឬកម្មកររបស់ខ្លួន ដើម្បីងាយស្រួលគ្រប់គ្រង និងបញ្ជូនទៅសម្រាកព្យាបាលបានលឿន ក្នុងករណីរកឃើញវិជ្ជមានកូវីដ១៩។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ទន្ទឹមនឹងការបើកឱកាសឲ្យក្រុមហ៊ុនឯកជន អាចប្រើប្រាស់ឧបករណ៍តេស្ដរហ័សនេះ ក្រសួងសុខាភិបាល ត្រូវចាត់ក្រុមគ្រូពេទ្យទៅបង្រៀនក្រុមហ៊ុនឯកជន ក្នុងការប្រើប្រាស់ឧបករណ៍នេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវចំពោះក្រុមហ៊ុនឯកជនទាំងអស់ គ្រប់គ្រងបុគ្គលិកកម្មកររបស់ខ្លួន ពេលមានការធ្វើតេស្ដលើបុគ្គលិកខ្លួនឯងតែម្ដង។ ដើម្បីគ្រប់គ្រងរហ័សត្រូវផ្ដល់លទ្ធភាពឲ្យការធ្វើតេស្ដនេះ ដែលក្រុមហ៊ុននីមួយៗ គេធ្វើតេស្ដខ្លួនឯង ហើយការបង្រៀនធ្វើតេស្ដនេះមិនយូរទេ តាមដឹងត្រឹមតែ២ម៉ោង»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ក្នុងករណីក្រុមហ៊ុនឯកជន អាចធ្វើតេស្ដលើបុគ្គលិក ឬកម្មកររបស់ខ្លួន រដ្ឋមិនខាតបង់អ្វីទាំងអស់។ ផ្ទុយទៅវិញមានតែចំណេញ ព្រោះពួកគាត់ស្ម័គ្រចិត្តមកធ្វើតេស្ដខ្លួនឯង ហើយករណីរកឃើញជំងឺទើបទៅរកគ្រូពេទ្យដើម្បីសម្រាកព្យាបាល ដូច្នេះសម្ដេចសម្រេចផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឯកជន ធ្វើការងារនេះលើបុគ្គលិករបស់ខ្លួន។
ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា ការងារធ្វើតេស្ដនេះកុំរង់ចាំគ្រូពេទ្យ ត្រូវបង្រៀនឲ្យប្រជាពលរដ្ឋចេះការពារខ្លួន ហើយបើចាំតែគ្រូពេទ្យក៏មិនអាចបំពេញកិច្ចការងារទាន់សភាពការណ៍បានដែរ ព្រោះចំនួនច្រើន ខណៈគ្រូពេទ្យមានចំនួនតិចជាងតម្រូវការអ្នកមកធ្វើតេស្ដ ដូច្នេះអាចនឹងមានភាពយឺតយ៉ាវ ឬគ្រប់គ្រងសភាពការណ៍មិនទាន់ពេលវេលា។
ក្រៅពីក្រុមហ៊ុនឯកជនហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអង្គភាពកងទ័ព អាវុធហត្ថ និងនគរបាល ត្រូវតែធ្វើតេស្ដរហ័សលើកងកម្លាំង ដើម្បីអាចរកឃើញភ្លាមៗ។ ដូច្នេះនៅពេលឧបករណ៍តេស្ដរហ័ស ដែលបានបញ្ជាទិញហើយ មកដល់នោះ ត្រូវបែងចែកមួយផ្នែកឲ្យកងយោធពលខេមរភូមិន្ទ ដើម្បីបែងចែកបន្ដទៅអង្គភាពចំណុះ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា យុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ គឺរកឃើញបានលឿន គ្រប់គ្រងមនុស្សបានលឿន កុំឲ្យដើរចម្លងគេពាសវាលពាសកាល។ សម្ដេចថា ចំណុចនេះកន្លងមកគ្រាន់តែបាននិយាយ តែមិនទាន់អនុវត្តជាក់ស្ដែង ដូច្នេះចាប់ពីពេលនេះទៅ ត្រូវអនុវត្តជាក់ស្ដែងតែម្ដង។
សូមជម្រាបថា បើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ឧបករណ៍តេស្ដរហ័សនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីប្រទេសកូរ៉េខាងត្បូង រួចរាល់ហើយ នឹងត្រៀមដឹកមកដល់ប្រមាណ១លាន នៅក្នុងពេលឆាប់ៗខាងមុខនេះ។
ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍ធ្វើតេស្ដរហ័សនេះ សម្ដេចតេជោ ក៏បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ឲ្យទៅតាមបណ្ដាខេត្តផ្សេងៗឲ្យបានគ្រប់គ្រង និងទាន់ពេលវេលា។ ហើយតាមបណ្ដារាជធានី-ខេត្ត ក្នុងករណីមានតម្រូវការក៏ត្រូវស្នើសុំបន្ថែមជាបន្ទាន់ ដើម្បីយកទៅប្រើប្រាស់ឲ្យបានគ្រប់ចំនួន ព្រោះរាជរដ្ឋាភិបាលមិនខ្វះថវិកាក្នុងការទិញឧបករណ៍នេះឡើយ៕