(កោះកុង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រគល់ថវិកាចំនួន១០លានរៀល និងសម្ភារៈមួយចំនួនទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជូនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទី៤លាន ដែលជាយុទ្ធជនពិការនៅស្រុកបុទុមសាគរ ខេត្តកោះកុង។
ជនទី៤លានដែលទទួលវ៉ាក់សាំងមាន ឈ្មោះ សូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
តាមរយៈហ្វេសបុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ យើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះ សូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
សម្តេចបានបន្តទៀតថា៖ ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំសម្ភារះថវិការទៅជូនប្អូន សូ សយ និងក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។
សម្តេចក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំ ចាក់វ៉ាក់សាំងជូនប្រជាជនកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវ ការចាក់វ៉ាកសាំង៤០ភាគរយ នៃចំនួនដែលត្រូវចាក់។
«ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេ មកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ»។ នេះជាការបន្ថែមរបស់សម្តេចតេជោ៕