(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌបឹងកេងកង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូលផ្សារបឹងកេងកង ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ត្រូវទៅយកសំណាកជាបន្ទាន់ដើម្បីរកជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីជូនដំណឹង របស់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ។
រដ្ឋបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករផ្សារបឹងកេងកង បានឆ្លងជំងឺកូវីដ១៩ ដែលស្ថានភាពនេះ បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។
ក្នុងសេចក្ដីជូនដំណឹងដដែលនេះ បានបន្ថែមទៀតថា អ្នកដែលធ្លាប់ចេញចូលផ្សារចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ សូមទៅយកសំណាករកឃើញជំងឺកូវីដ១៩ នៅបរិវេណវិទ្យាល័យ ជា ស៉ីម បឹងកេងកង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ជាបន្ទាន់ ព្រមទាំងអនុវត្តវិធានស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត៕