(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានចាប់អ្នកដែលបដិសេធ មិនព្រមទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដាក់ពន្ធនាគារ ខណៈហ្វីលីពីនកំពុងតស៊ូប្រយុទ្ធ ជាមួយការឆ្លងរាតត្បាតដ៏អាក្រក់ នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។
លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើការព្រមានបែបនេះ នាឱកាសថ្លែងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា ប្រជាជនហ្វីលីពីនកាន់តែច្រើនឡើងៗ កំពុងរារែកចិត្តក្នុងការចាក់វ៉ាក់សាំង។ លោក ឌូតឺតេ បានគូសបញ្ជាក់ដូច្នេះថា «អ្នកជ្រើសរើសចុះថាតើចង់ចាក់វ៉ាក់សាំង ឬក៏ចង់ជាប់គុក… នេះគឺជាវិបត្តិមួយសម្រាប់ប្រទេសជាតិ តែខ្ញុំពិតជាហួសចិត្ត ដែលប្រជាជនហ្វីលីពីនមិនស្ដាប់តាមរដ្ឋាភិបាល»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ហ្វីលីពីនបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ១,៣៦៤,២៣៩នាក់ ក្នុងនោះស្លាប់ ២៣,៧៤៩នាក់ និងជាសះស្បើយ ឡើងវិញ ១,២៨៤,៦៤៣នាក់។ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ហ្វីលីពីនបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៨.៤១លានដូសហើយជូនប្រជាជន ហើយបើធៀបជាមួយចំនួនប្រជាជនសរុបជាង ១១០លាននាក់របស់ខ្លួននោះ អត្រាចាក់នេះគឺស្ថិតនៅក្នុងកម្រិតទាបខ្លាំង៕