(ព្រុចសែល)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកនឹងពង្រឹង ក៏ដូចជាស្ដារឡើងវិញនូវទំនុកចិត្តចំពោះសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអង្គការ NATO នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលជាកិច្ចប្រជុំដំបូងបំផុតក្រោយអាណត្តិអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១។
ទំនាក់ទំនងរវាងអាមេរិក និងសម្ពន្ធមិត្តអង្គការ NATO បានល្អក់កករនឹងគ្នាយ៉ាងខ្លាំងនៅក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមានការខ្វែងគំនិតគ្នាជាមួយសមភាគី របស់លោកនៅក្នុងកិច្ចប្រជុំកាលពីឆ្នាំ២០១៩ ជាពិសេសពាក់ព័ន្ធនឹងការបង្ខំឱ្យប្រទេសជាសមាជិក NATO បង្កើនកញ្ចប់ថវិកាយោធា។ ប៉ុន្តែ ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកំពូល G7 កាលពីថ្ងៃអាទិត្យម្សិលមិញ លោក បៃដិនបានសង្កត់ធ្ងន់ថាលោកមិនដែលចាត់ទុក NATO ជាបងធំ ឬអ្នកដើរទារថ្លៃការពារពីប្រទេសដទៃនោះឡើយ។
លោក បៃដិនបានគូសបញ្ជាក់ដូច្នេះថា៖ «យើងជឿជាក់ថា NATO ពិតជាមានសារៈសំខាន់បំផុតសម្រាប់សមត្ថភាពរបស់យើងក្នុងការការពារសន្តិសុខជាតិអាមេរិក។ សហរដ្ឋអាមេរិកបានត្រឡប់មកវិញជាថ្មី ជាមួយកាតព្វកិច្ចដ៏ពិសិដ្ឋក្នុងការពារសម្ពន្ធភាពមួយនេះ»។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុងព្រុចសែល ប្រទេសជាសម្ពន្ធមិត្ត NATO នឹងព្រមព្រៀងគ្នាលើសេចក្ដីថ្លែងការណ៍រួមមួយដែល ផ្ដោតសំខាន់លើការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន, ការចូលរួមក្នុងការប្រឆាំងនឹងការវាយប្រហារព័ត៌មានវិទ្យា ព្រមទាំងការកើនឡើងនៃឥទ្ធិពលចិនផងដែរ៕