(អង់គ្លេស)៖ មេដឹកនាំនៃបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន G7 នៅថ្ងៃសៅរ៍នេះត្រូវបានគេរំពឹងថា នឹងព្រមព្រៀងគ្នាលើសេចក្តីប្រកាសរួមមួយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកលថ្មីទៀត នៅថ្ងៃអនាគត ខណៈជំងឺរាតត្បាតសកលបច្ចុប្បន្នគឺ COVID-19 នៅមិនទាន់បញ្ចប់ទៅស្រួលបួលផងនោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១។
ប្រទេសជាសមាជិករបស់ G7 ដូចជា ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ក៏មិនភ្លេចក្នុងការបង្ហាញការមូលកម្លាំងគ្នា ដើម្បីទប់ទល់ឥទ្ធិពលចិន និងរុស្ស៊ីនោះដែរ ព្រោះបញ្ហានេះស្ថិតក្នុងរបៀបវារៈកំពូល នៃកិច្ចប្រជុំក្នុងឆ្នាំ២០២១ ដែលកំពុងប្រារព្ធឡើង នៅចក្រភពអង់គ្លេសក្នុងឆ្នាំនេះ។
បន្ថែមពីខាងលើនេះទៀត មេដឹកនាំប្រទេស G7 នឹងចូលរួមជាមួយ ប្រទេសជាដៃគូធំៗមួយចំនួនទៀតដូចជា អូស្ត្រាលី អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង និងឥណ្ឌាផងដែរ តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិភាក្សា និងព្រមព្រៀងគ្នាលើគោលនយោបាយដោះស្រាយ «បញ្ហាបម្រែបម្រួលអាកាសធាតុ»។
គួរបញ្ជាក់ថា នេះជាកិច្ចប្រជុំទល់មុខគ្នាលើកដំបូងហើយ រវាងថ្នាក់ដឹកនាំកំពូល នៃបណ្តាប្រទេស G7 ដែលធ្វើឡើងនៅតំបន់ឆ្នេរ ខនវ៉ល (Cornwall) ភាគនិរតីអង់គ្លេស គិតចាប់តាំងពីឆ្នាំ២០១៩។ កាលពីឆ្នាំ២០២០ កិច្ចប្រជុំកំពូលើទល់មុខគ្នានៃ G7 ត្រូវបានលុបចោល ព្រោះតែការឆ្លងរាតត្បាតកម្រិតធ្ងន់នៃជំងឺ COVID-19។ សម្រាប់ថ្ងៃសៅរ៍នេះ (ពេលវេលានៅអង់គ្លេស) មេដឹកនាំទាំងឡាយនឹងជួបប្រជុំគ្នា ហើយកិច្ចព្រមព្រៀងរួមមួយ ដែលមានចំណុចសំខាន់ៗនៅក្នុងនោះ នឹងអាចលេចចេញជារូបរាង៕