(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្ត ជាប់ព្រំដែនជាមួយប្រទេសវៀតណាមទាំងអស់ ឱ្យបង្កើនការពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទថ្មី នៅកម្ពុជា។
សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដែល ទទួលបាន នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ បានឱ្យដឹងថា ដើម្បីរក្សាចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តនៃកម្ពុជា និងអាជ្ញាធរខេត្តនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានព្រំប្រទល់ជាប់គ្នានៅតំបន់ព្រំដែន និងដើម្បីបង្ការទប់ស្កាត់ការនាំជំងឺកូវីដ-១៩ ឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម ត្រូវយកចិត្តទុកដាក់លើកិច្ចការដូចខាងក្រោម៖
* ត្រូវធ្វើការសម្របសម្រួល និងទំនាក់ទំនងជាមួយអភិបាលខេត្តជាប់ព្រំដែននៃប្រទេសវៀតណាម ដើម្បីរៀបចំកិច្ចប្រជុំដោយផ្ទាល់ ដោយអនុវត្តតាមវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ឬកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ការរួមគ្នាក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមតំបន់ព្រំដែននៃខេត្តនីមួយៗ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរទំនិញកសិផល គ្រឿងឧបភោគបរិភោគនៅតាមតំបន់ព្រំដែន សំដៅរួមគ្នាដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ-១៩។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ រដ្ឋបាលខេត្តត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរ អំពីលទ្ធផលនៃកិច្ចប្រជុំជូនមកក្រសួងមហាផ្ទៃកុំបីខាន។
* ត្រូវពង្រឹងអនុវត្តឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់នូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ឱ្យមានប្រសិទ្ធភាព តាមស្មារតីនៃសេចក្តីណែនាំ លេខ ០១៦ សណនចុះថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។
* បន្តជំរុញអប់រំណែនាំ និងផ្សព្វផ្សាយដល់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ព្រំដែនឱ្យបង្កើនការ ប្រុងប្រយ័ត្នការពារខ្លួនស្របតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បី
កុំឱ្យមានមេរោគកូវីដ-១៩ ឆ្លងមកលើបុគ្គល និងសហគមន៍មូលដ្ឋាន៕
ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ៖