(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើម ទូទាំងប្រទេសលើកទី១ ការសិក្សាដោយការ បង្កើតគម្រោង «បំណងប្រាថ្នា»។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រសួង នឹងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើម ទូទាំងប្រទេសលើកទី១៖ ការសិក្សាដោយការបង្កើតគម្រោង «បំណងប្រាថ្នា» ដែលជាការប្រកួត តាមបែបការសិក្សា ដោយការបង្កើតគម្រោងលើកដំបូងបំផុត សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស។
ព្រឹត្តិការណ៍ «បំណងប្រាថ្នា» មានគោលដៅដូចខាងក្រោម៖
១៖ លើកកម្ពស់ការរៀនរបស់សិស្ស ដោយវិធីសាស្រ្តរៀនបែបថ្មី គឺការរៀនតាមបែបសហការ ការរៀនដោយការត្រិះរិះពិចារណា ការរៀនដោយការដោះស្រាយបញ្ហា និងការរៀនដោយការបង្កើតគម្រោង
២៖ គាំទ្រដល់សិស្សក្នុងការសម្រេចបានដល់កម្រិតកំពូល នៃពុទ្ធិសម្បទា ដែលទទួលបានពីការមេរៀននីមួយៗ នៅក្នុងកម្មវិធីសិក្សាជាតិ ដោយយកទៅបង្កើតជាគម្រោង
៣៖ លើកទឹកចិត្តដល់ការចែករំលែក ការពិភាក្សា ការកែលម្អ និងការដកស្រង់បទពិសោធ ក្នុងចំណោមសិស្សានុសិស្ស នូវស្នាដៃលទ្ធផលគម្រោងដែលពួកគេបង្កើតបាន
លក្ខណៈពិសេសនៃព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺការរួមបញ្ចូលគ្នារវាងការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើមេរៀននីមួយៗ នៃមុខវិជ្ជាជាមួយការប្រកួតប្រជែង រវាងសិស្សានុសិស្សនៅលើវេទិកាឌីជីថល និងការប្រមូលផ្តុំសិស្ស ដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។
ក្រសួងចាត់ទុកព្រឹត្តិការណ៍ «បំណងប្រាថ្នា» ថាជាជម្រើសមួយ នៃឧត្តមានុវត្តអប់រំដោយវិធីសាស្រ្តបង្រៀនបែបថ្មី ដែលអាចលើកកម្ពស់លទ្ធផល នៃការសិក្សា របស់សិស្ស។ លើសពីនេះទៅទៀតលទ្ធផល នៃការសិក្សា និងការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍នេះ គឺជាមាតិកាឌីជីថលដ៏សម្បូរបែប ដែលសិស្សអាចចូលរួមបង្កើត និងចែករំលែក៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុង៖