(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញផែនការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៨០លានដូសដំបូង ទៅកាន់បណ្ដាប្រទេសនានានៅជុំវិញពិភពលោក ដោយ ៧៥% នៃវ៉ាក់សាំងទាំងនោះនឹងត្រូវប្រគល់ឲ្យ កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ COVAX។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១។
បើតាមសេតវិមាន សម្រាប់វ៉ាក់សាំងដែលបានចែកចាយតាមរយៈកម្មវិធី COVAX ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់អាទិភាពដល់បណ្តាប្រទេស ដែលស្ថិតនៅតំបន់អាមេរិកឡាទីន តំបន់ការីបៀន តំបន់អាស៊ីខាងត្បូង និងតំបន់អាហ្រ្វិក ព្រោះខ្លួនមានគោលបំណងជួយទប់ស្កាត់ ការឆ្លងរីករាលដាលថ្មីៗនៃជំងឺ COVID-19 នៅតំបន់ទាំងនោះ។
លោក ចូ បៃដិន បានគូសបញ្ជាក់ថា «យើងកំពុងចែកចាយកវ៉ាក់សាំងទាំងនេះ មិនមែនដើម្បីចង់បានផលប្រយោជន៍ណាមួយមកវិញឡើយ ប៉ុន្តែដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស និងដឹកនាំពិភពលោក ក្នុងការឈានទៅរកការបញ្ចប់ជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះ ដោយអំណាចនៃគុណតម្លៃរបស់យើង»។
គួរបញ្ជាក់ថា កាលពីនាពេលថ្មីៗនេះ លោកប្រធានាធិបតី បៃដិន បានសន្យាថា នឹងនាំចេញនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៨០លានដូស ទៅកាន់បណ្ដាប្រទេសនានានៅជុំវិញពិភពលោក នៅចុងខែមិថុនានេះ។ អ្នកសម្របសម្រួលការឆ្លើយតបជំងឺ COVID-19 របស់សេតវិមាន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ដំណើរការនាំចេញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២៥លានដូសដំបូងកំពុងដំណើរការហើយ ដោយយើងនឹងសម្រេចឱ្យបាន នូវការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី ដែលនឹងបញ្ចេញវ៉ាក់សាំងចំនួន ៨០លានដូសនៅចុងខែមិថុនានេះ៕