(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង បន្ទាប់ពីលោកមានជំងឺប្រចាំកាយ។ ការដាក់ពាក្យនេះ បានធ្វើឡើង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា អនុម័តយល់ព្រមតាមសំណើនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ។
ការសម្រេចយល់ព្រមលើសំណើលាឈប់ពីប្រធាន គ.ជ.ប របស់លោក ស៊ិក ប៊ុនហុក ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់ ឱ្យដឹងថា លោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាឈប់ចំនួន៣ថ្ងៃមកហើយ បន្ទាប់ពីលោកមានជំងឺប្រចាំកាយ ដែលត្រូវសម្រាកព្យាបាលសុខភាព។
ជាមួយនឹងការយល់ព្រមឱ្យលោក ស៊ិក ប៊ុនហុក លាឈប់នេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏បានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូន អគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួស លោក ស៊ិក ប៊ុនហុក ផងដែរ។
លោកបានបញ្ជាក់បន្ថែមថា តាមនីតិវិធីការប្រកាសជ្រើសរើសបេក្ខជនប្រធានគ.ជ.ប ត្រូវធ្វើឡើងរយៈពេល ៥ថ្ងៃ ហើយតាមច្បាប់ គឺគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត ជាអ្នកស្នើដាក់បេក្ខជន។ លោកអះអាងថា បេក្ខជនដែលត្រូវជ្រើសរើស គឺត្រូវតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមសេចក្តីប្រកាស។
សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធាន គ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕