(ហាណូយ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ប្រទេសវៀតណាមប្រកាសថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ នូវវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអនុម័តខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រសួងសុខាភិបាលវៀតណាម ចំពោះមុខការផ្ទុះរលកថ្មីនៃការឆ្លងរាតត្បាត COVID-19 ដែលវៀតណាមបានរកឃើញអ្នកឆ្លងជំងឺនេះ រាប់រយករណីនៅក្នុងមួយថ្ងៃៗ។ Sinopharm គឺជាវ៉ាក់សាំងទី ៣ ហើយដែលប្រទេសវៀតណាម បានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំងរុស្ស៊ី Sputnik V។
Sinopharm គឺជាវ៉ាក់សាំងចិនទី ១ ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសទទួលស្គាល់ជាផ្លូវការ ក្រោយពីស្ថាប័នជំនាញរបស់អង្គការនេះ បានពិនិត្យឃើញអំពីសុវត្ថិភាព និងប្រសិទ្ធភាព។ ដោយឡែកវ៉ាក់សាំងមួយទៀតមកពីក្រុមហ៊ុនចិន Sinovac ក៏ទើបត្រូវបាន WHO ប្រកាសទទួលស្គាល់ជាផ្លូវការផងដែរ ខណៈវាកំពុងត្រូវបានប្រើប្រាស់ យ៉ាងទូលំទូលាយរួចទៅហើយ នៅទូទាំងពិភពលោក។
គួរបញ្ជាក់តាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀន ថាញ់ឡុង បានលើកឡើងថា វៀតណាមត្រូវការវ៉ាក់សាំងសរុប ១៥០លានដូស ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន ៧៥% ក្នុងចំណោមប្រជាជនសរុប ៩៨លាននាក់។ កន្លងមកនេះ វៀតណាមទើបទទួលបានវ៉ាក់សាំងបង្ការ COVID-19 តែជិត ២.៩លានដូសប៉ុណ្ណោះ ហើយក្នុងនោះ ១លានដូសទើបត្រូវបានប្រើប្រាស់៕