បាល់ទាត់៖ ខ្សែបម្រើចាស់វស្សារបស់សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ កីឡាករ ឈិន ឈឿន បានសម្ដែងការស្វាគមន៍ និងពេញចិត្តជាខ្លាំង ចំពោះវត្តមានអ្នកចាត់ការក្រុមថ្មីលោក Lee Tae Hoon ទោះបីអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះ គឺជាគ្រូបង្វឹកកាចក្នុងការដឹកនាំក៏ដោយ។
ផ្អែកលើបទពិសោធន៍ធ្លាប់ហ្វឹកហាត់នៅជម្រើសជាតិ ឈិន ឈឿន សប្បាយចិត្តដែលថ្នាក់ដឹកនាំក្លិបអាចនាំយក គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងនេះមកដឹកនាំក្រុម ហើយក៏ស្ទើរមិនគួរឲ្យជឿដែរ។ ខ្សែបម្រើរហស្សនាមឆាលី ១២៥CC រូបនេះបានទទួលស្គាល់ថា លោក Lee ពិតជាកាចក្នុងការដឹកនាំ តែការកាចនេះគឺមានហេតុផល ចង់ឲ្យកីឡាករល្អ និងរីកចម្រើន ហេតុនេះគេរំពឹងថា វត្តមានរបស់លោក Lee នឹងធ្វើឲ្យក្រុមកងយោធពលខេមរភូមិន្ទកាន់តែរីកចម្រើន និងមានការប្រកួតប្រជែងកាន់តែខ្លាំងថែមទៀត។ គួរបញ្ជាក់ថា សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានប្រកាសតែងតាំងលោក Lee Tae Hoon ជាអ្នកចាត់ការក្រុមថ្មីរបស់ខ្លួនកាលពីម្សិលមិញ ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំ។
ទន្ទឹមជាមួយគ្នា លោក Lee បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលបានត្រឡប់មកបំពេញការងារនៅប្រទេសកម្ពុជាវិញ ដ្បិតជាប្រទេសដែលលោកចង់ធ្វើការ និងមិនចង់ឃ្លាតឆ្ងាយឡើយ។ លើសពីនេះលោកក៏រំពឹងថា នឹងរួមចំណែកអភិវឌ្ឍកីឡាករ និងក្រុមកងយោធពលខេមរភូមិន្ទឲ្យរីកចម្រើន ឈានទៅរកការប្រកួតប្រជែងកម្រិតខ្ពស់ និងមានឈ្មោះបោះសំឡេងក្នុងតំបន់ថែមទៀតផង៕