ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឱ្យរុះរើ ឬចល័តចេញជាបន្ទាន់ចំពោះ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល ០១ សប្ដាហ៍។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ដោយបញ្ជាក់ថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ យ៉ាងអានាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាស វាលពាស កាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។
ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ០១ សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ៕