បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសបារ៉ែនដោយសុវត្ថិភាព ក្រោយចំណាយពេលធ្វើដំណើរអស់រយៈពេល ៣៨ម៉ោងកាលពីចុងសប្ដាហ៍កន្លងទៅ ដើម្បីត្រៀមចូលរួមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 ពូល C (ជុំទី២) ក្នុងសប្ដាហ៍នេះនៅទីនោះ។
បន្ទាប់ពីធ្វើដំណើរទៅដល់ទឹកដីកណ្ដាលភ្លាម ប្រតិភូ គ្រូបង្វឹក និងកីឡាករនៃក្រុមគោព្រៃកម្ពុជាត្រូវបានធ្វើតេស្ដរកជំងឺកូវីដ-១៩ ខណៈលទ្ធផលអវិជ្ជមានទាំងអស់ មុនក្រុមជម្រើសជាតិកម្ពុជាបើកយុទ្ធនាការប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូង លើទឹកដីបារ៉ែនកាលពីថ្ងៃទី៣០ ខែឧសភាម្សិលមិញ។ ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍មួយទៀតក្នុងបេសកកម្មនេះ គេក៏ឃើញវត្តមានលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់បារ៉ែន ដើម្បីដឹកនាំក្រុមផ្ទាល់ជាមួយគ្រូបង្វឹកថ្មីលោក Ryu Hirose ផងដែរ បន្ទាប់ពីលោកបានរួមចំណែកជួយក្លិប Neftçi Baku លើកពានក្របខណ្ឌលីគកំពូលប្រទេសអាស៊ែបៃហ្សង់កាលពីថ្មីៗ។
សូមរំឭកថា ក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅប្រទេសបារ៉ែន កាលពីយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែឧសភា និងទៅដល់គោលដៅនៅរសៀលថ្ងៃទី២៩ ខែឧសភា ពោលគឺពួកគេមានរយៈពេល ៤ថ្ងៃប៉ុណ្ណោះដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមការប្រកួតសេសសល់ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នេះ។ សម្រាប់កម្មវិធីប្រកួតសេសសល់របស់ក្រុមគោព្រៃកម្ពុជាគឺសល់ ៣ប្រកួតក្នុងដៃ រួមមាននៅថ្ងៃទី៣ ខែមិថុនា កម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះបារ៉ែន នាវេលាម៉ោង ១១៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា), ថ្ងៃទី៧ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ាក់នាវេលាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) និងថ្ងៃទី១១ ខែមិថុនា កម្ពុជាប្រកួតជាមួយអ៊ីរ៉ង់នាវេលាម៉ោង ៩៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ហើយទាំង ៣ប្រកួតនេះនឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News៕