(កំពង់ស្ពឺ)៖ កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ។
ប្រតិបត្ដិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោកវរៈសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) និងសហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួល ពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ។
ប្រតិបត្ដិការនេះ ធ្វើឡើងនៅចំណុចស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០៖២៥នាទី។
ការចុះបង្ក្រាបនេះ ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។
ជនសង្ស័យ៣នាក់ រួមមាន ទី១៖ ឈ្មោះ ភុំ បេន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ, ទី២៖ ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ, ទី៣៖ ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងចាប់យកបាន ម្សៅសសង្ស័យមេតំហ្វេតាមីន (ICE) ចំនួន១កញ្ចប់ធំ ស្មើទម្ងន់៩៨៨,២៧ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវីធី៕